កងទ័ពឥណ្ឌា នៅថ្ងៃចន្ទ (ទី១២ ខែឧសភា) នេះ បានប្រាប់ឲ្យដឹងថា ព្រំដែន រវាងសត្រូវដ៏ស្រួចស្រាល់ទាំង២ គឺឥណ្ឌា និងប៉ាគីស្ថាន មានសន្តិភាព និងជា «រាត្រីដ៏ស្ងប់ស្ងាត់លើកដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ» បន្ទាប់ពីមានបទឈប់បាញ់ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីចុងសប្តាហ៍កន្លងមក។
បទឈប់បាញ់ត្រូវបានព្រមព្រៀងគ្នា កាលពីថ្ងៃសៅរ៍ (ទី១០ ខែឧសភា) បន្ទាប់ពីមានការវាយប្រហារដោយមីស៊ីល យានដ្រូន និងកាំភ្លើងធំរយៈពេល ៤ថ្ងៃ រវាងប្រទេសទាំង២ ជាហេតុការណ៍ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦០នាក់ និងបានធ្វើឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួន។ វាគឺជាអំពើហិង្សាដ៏អាក្រក់បំផុត គិតចាប់តាំងពីលេចចេញនូវជម្លោះបើកចំហចុងក្រោយរបស់គូប្រជែងប្រដាប់អាវុធនុយក្លេអ៊ែរ ក្នុងឆ្នាំ១៩៩៩ ហើយបានធ្វើឲ្យមានការញាប់ញ័រជាសាកល ដែលបារម្ភថា វាអាចរាលដាលទៅជាសង្រ្គាមពេញបន្ទុក។
មានមន្ទិលសង្ស័យជាច្រើននៅដើមដំបូង ខណៈដែលភាគីទាំង២ បានចោទប្រកាន់គ្នាទៅវិញទៅមកថា បទឈប់បាញ់ត្រូវបានរំលោភ ពោលគឺត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីវាត្រូវបានប្រកាសដោយមិនបានរំពឹងទុកដោយប្រធានាធិបតីអាមេរិក លោក Donald Trump នៅលើបណ្ដាញសង្គម។
តែយ៉ាងណាក្ដី កងទ័ពឥណ្ឌាបានប្រាប់ឲ្យដឹងថា៖ «ស្ថានភាពនាពេលយប់ នៅតែមានសភាពស្ងប់ស្ងាត់ដោយភាគច្រើន នៅទូទាំងតំបន់កាស្មៀរ និងតំបន់ផ្សេងទៀតតាមបណ្តោយព្រំដែនអន្តរជាតិ»។ តាមរយៈសេចក្តីថ្លែងការណ៍ កងទ័ពបានបន្ថែមថា៖ «មិនមានឧប្បត្តិហេតុណាមួយត្រូវបានគេរាយការណ៍ទេ ដោយនេះជារាត្រីដ៏ស្ងប់ស្ងាត់ដំបូង ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ»។
ហើយវាក៏ជាយប់ទី២ ជាប់ៗគ្នាផងដែរ ដែលស្នូរនៃការបាញ់កាំភ្លើង ឬការបាញ់ផ្លោង នៅតំបន់ Poonch ដែលជាទីក្រុងជាប់ព្រំដែន នៅក្នុងផ្នែកនៃតំបន់ Kashmir គ្រប់គ្រងដោយឥណ្ឌា។ Poonch គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងជាងគេ នៅក្នុងជម្លោះចុងក្រោយបង្អស់នេះ ដោយអ្នកស្រុកយ៉ាងហោចណាស់ ១២នាក់ត្រូវបានសម្លាប់ ហើយអ្នកស្រុកប្រមាណ ៦០.០០០នាក់ បានភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ៕