រដ្ឋាភិបាលចក្រភពអង់គ្លេស បានផ្តល់ការអនុញ្ញាតកាលពីថ្ងៃសុក្រ ទី២០ ខែមីនា សម្រាប់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពនៅចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើទីតាំងមីស៊ីលរបស់អ៊ីរ៉ង់ ដែលកំពុងវាយប្រហារនាវានៅច្រកសមុទ្រ Hormuz។ យោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យ Downing Street បានឲ្យដឹងថា រដ្ឋមន្ត្រីអង់គ្លេសបានជួបប្រជុំគ្នាកាលពីថ្ងៃសុក្រដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ីរ៉ង់ និងការបិទច្រកសមុទ្រ Hormuz របស់អ៊ីរ៉ង់។ សេចក្តីថ្លែងការណ៍បាននិយាយថា «រដ្ឋមន្ត្រីបានបញ្ជាក់ថាកិច្ចព្រមព្រៀងសម្រាប់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពអង់គ្លេសដើម្បីការពារខ្លួនរួមគ្នានៅតំបន់នេះ រួមមានប្រតិបត្តិការការពាររបស់សហរដ្ឋអាមេរិកដើម្បីបំផ្លាញទីតាំងមីស៊ីល និងបំផ្លាញសមត្ថភាពដែលកំពុងត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារនាវានៅច្រកសមុទ្រ Hormuz»។

ភ្លាមៗនោះ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា វាជា «ការឆ្លើយតបយឺតយ៉ាវ» ពីចក្រភពអង់គ្លេស ដោយបាននិយាយបន្ថែមថា «អង់គ្លេសគួរតែធ្វើសកម្មភាពឲ្យបានលឿនជាងនេះ»។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញ X ថា លោក Starmer កំពុង «ធ្វើឱ្យជីវិតរបស់អង់គ្លេសស្ថិតក្នុងគ្រោះថ្នាក់ដោយអនុញ្ញាតឱ្យមូលដ្ឋានកងទ័ពអង់គ្លេសត្រូវបានប្រើប្រាស់សម្រាប់ការឈ្លានពានប្រឆាំងនឹងអ៊ីរ៉ង់» ហើយ «អ៊ីរ៉ង់នឹងអនុវត្តសិទ្ធិដើម្បីការពារខ្លួន»។ នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក Keir Starmer បាននិយាយនៅសប្តាហ៍នេះថា ចក្រភពអង់គ្លេសនឹងមិនត្រូវបានទាញឲ្យធ្លាក់ចូលក្នុងសង្គ្រាមនៅអ៊ីរ៉ង់នោះទេ។ ដំបូងឡើយ លោកបានបដិសេធសំណើរបស់សហរដ្ឋអាមេរិកក្នុងការប្រើប្រាស់មូលដ្ឋានកងទ័ពអង់គ្លេសសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់ ដោយនិយាយថា សកម្មភាពយោធាណាមួយគឺត្រូវតែស្របច្បាប់។ ប៉ុន្តែ លោក Starmer បានកែប្រែជំហររបស់លោក បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារលើសម្ព័ន្ធមិត្តរបស់អង់គ្លេសនៅទូទាំងតំបន់មជ្ឈិមបូព៌ា ដោយនិយាយថា សហរដ្ឋអាមេរិកអាចប្រើប្រាស់មូលដ្ឋាន RAF Fairford និង Diego Garcia ដែលជាមូលដ្ឋានទ័ពរួមរវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នៅមហាសមុទ្រឥណ្ឌា។
