ក្រសួងវប្បធម៌ រំឭកសាធារណជន សិល្បករ សិល្បការិនី​ទាំងអស់​ចំពោះ​ការចូលរួម​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម
សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរមកថតរូបភាព
រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា
រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

វប្បធម៌ និងទេសចរណ៍

ក្រសួងវប្បធម៌ រំឭកសាធារណជន សិល្បករ សិល្បការិនី​ទាំងអស់​ចំពោះ​ការចូលរួម​ថែ​រក្សា​វប្បធម៌​ប្រពៃណី​ទំនៀម​ទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គម

2026/08/17 01:58:11 pm        293
ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរំឭក និងជម្រាបជូនបន្ថែមដល់សាធារណជនទូទៅ ជាពិសេសសិល្បករ សិល្បការិនី អ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ទាំងអស់ អំពីភាពចាំបាច់ក្នុងការចូលរួមថែរក្សាវប្បធម៌ប្រពៃណីទំនៀមទម្លាប់ដ៏ផូរផង់របស់ខ្មែរ និងការការពារតម្លៃស្ត្រីក្នុងសង្គមយើង។ក្រសួងវប្បធម៌បានលើកឡើងថា ទោះជាសកម្មភាពមួយភាគធំតាមបណ្តាញសង្គម បានបង្ហាញនូវភាពចាស់ទុំ ប្រកបដោយគោលដៅផ្តល់ព័ត៌មាន ផ្សព្វផ្សាយ អប់រំ ផ្តល់ចំណេះដឹង និងបានចូលរួមយ៉ាងសកម្មដល់កិច្ចការពារតម្លៃមរតកដូនតាខ្មែរទាំងរូបី និងអរូបី ប៉ុន្តែយើងនៅតែសង្កេតឃើញមានអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួននៅតែបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើតម្លៃវប្បធម៌សង្គម និងតម្លៃស្ត្រីខ្មែរ។ក្នុងន័យនេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានរំឭកអំពីសេចក្តីណែនាំនានា ក្នុងន័យពង្រឹងនិងតម្រង់ទិសអ្នកប្រើប្រាស់បណ្តាញសង្គមទាំងអស់ ជាពិសេសតួនាទីដ៏ចាំបាច់របស់សិល្បករ សិល្បការិនី និងអ្នកប្រកបអាជីពក្នុងវិស័យសិល្បៈវប្បធម៌ ក្នុងការចូលរួមការពារវប្បធម៌ ប្រពៃណីជាតិ ពង្រឹងសីលធម៌សង្គមដ៏ល្អរបស់ខ្មែរយើង និងការការពារដល់តម្លៃស្ត្រី។ក្រសួងវប្បធម៌បញ្ជាក់ថា៖«សូម សិល្បករ សិល្បការិនី អ្នកប្រកពអាជីពក្នុងវិស័យសិល្បៈវប្បធម៌ និងសាធារណជនទូទៅទាំងអស់បន្តស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការប្រើប្រាស់បណ្តាញសង្គម ដោយមិនត្រូវប៉ះពាល់ដល់តម្លៃសង្គម តម្លៃវប្បធម៌ ប្រពៃណី តម្លៃស្ត្រី ដើម្បីប្រជាជាតិខ្មែរយើងទាំងមូល»៕ 

សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត មើលពីជ្រុងនិរតីកំពុងទាក់ទាញទេសចរមកថតរូបភាព

2026/08/17 12:23:51 pm        224
សៀមរាប៖ សម្រស់កំពូលទាំង ៥ របស់ប្រាសាទអង្គរវត្ត លេចត្រដែតផុសពីព្រៃព្រឹក្សា ដែលមានពណ៌បៃតងខ្ចីនារដូវវស្សា កំពុងបង្ហាញសោភ័ណភាពយ៉ាងស្រស់ស្អាត និងបានទាក់ទាញភ្ញៀវទេសចរ មកថតផ្តិតរូបភាពនៅពីខាងក្រៅកសិន្ធុ ទិសនិរតីនៃប្រាសាទអង្គរវត្ត ដើម្បីទុកជាអនុស្សាវរីយ៍ និងផ្សព្វផ្សាយជាដើម។ ភាពអស្ចារ្យនៃប្រាសាទអង្គរវត្ត មើលពីចំណុចណាក៏ស្រស់ស្អាត និងទាក់ទាញ សូមសាធារណជនគ្រប់រូបមកទស្សនា នៅតំបន់រមណីយដ្ឋានអង្គរ មកថតរូបទុកជាអនុស្សាវរីយ៍កុំខកខានឡើយ ក៏ដូចជាផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕  

រដ្ឋមន្ដ្រីទេសចរណ៍ កោតសរសើរឆន្ទៈកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិ ក្រោយរួមគ្នាជិះកង់ដើម្បីផ្សព្វផ្សាយទេសចរណ៍ភ្នំដា

2026/08/17 10:19:46 am        164
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះឆន្ទៈរបស់កីឡាករ-កីឡាការិនី ទាំងជាតិ និងអន្ដរជាតិ ដែលបានរួបរួមគ្នាចូលរួមជិះកង់ ដើម្បីផ្សព្វផ្សាយពីវិស័យទេសចរណ៍កម្ពុជា ពិសេសនៅតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ដ្រ នៃប្រាសាទភ្នំដា។ការកោតសរសើរនេះ បន្ទាប់ពីសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា ព្រមជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានសហការគ្នារៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដោយចេញដំណើរពីវិមានឯករាជ្យ រាជធានីភ្នំពេញ ឆ្ពោះទៅប្រាសាទភ្នំដា ស្ថិតនៅស្រុកអង្គរបូរី ខេត្តតាកែវ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដោយទាក់ទាញកីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិចូលរួមលើសការរំពឹងសរុបចំនួន ៨០០នាក់។ឯកឧត្តម ហួត ហាក់ បានចាត់ទុកនេះគឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មីមួយទៀត ដែលមានការចូលរួមសហការ និងគាំទ្រពីក្រសួង-ស្ថាប័នជាច្រើន ក្នុងគោលដៅការផ្សព្វផ្សាយ និងជំរុញភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ ឲ្យធ្វើដំណើរកម្សាន្ដ នៅតាមរមនីយដ្ឋាន និងតំបន់សក្ដានុពលទេសចរណ៍សំខាន់ៗនានា ពិសេសកំឡុងរដូវកាលបៃតងនេះតែម្ដង។បន្ថែមលើនេះ ឯកឧត្តមបានកោតសរសើរនូវឆន្ទៈរបស់កីឡាករ-កីឡាការិនីទាំង ៨០០នាក់ ក្នុងនោះក៏មានជនបរទេសមកពីច្រើនសញ្ជាតិ ដូចជាបារាំង រុស្ស៊ី អាមេរិក វៀតណាម ចិន អាល្លឺម៉ង់ និងជប៉ុនជាដើម ដែលបានរួមគ្នាបង្ហាញនូវទឹកចិត្តស្នេហាវិស័យកីឡា ក៏ដូចជាទឹកចិត្តប្ដេជ្ញាដើម្បីលើកស្ទួយវិស័យទេសចរណ៍កម្ពុជា តាមរយៈព្រឹត្តិការណ៍ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា ដែលើសពីព្រឹត្តិការណ៍កីឡាធម្មតា តែបានផ្សារភ្ជាប់នឹងការផ្សព្វផ្សាយវិស័យទេសចរណ៍ ការលើកកម្ពស់វប្បធម៌ អរិយធម៌ និងបរិស្ថាន តាមរយៈការដាំកូនក្ងោកចំនួន ៦០០ដើម និងកម្មវិធីមនុស្សធម៌ តាមរយៈការរួមគ្នាផ្ដល់ជូននូវសម្ភារសិក្សាដល់សិស្សានុសិស្សទៀតផង។ជាមួយព្រឹត្តិការណ៍កីឡាផ្សារភ្ជាប់ទេសចរណ៍ និងសប្បុរសធម៌នេះដែរ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួួយក្លិបអូដាកកម្ពុជា ដោយបានការគាំទ្រពីភាគីពាក់ព័ន្ធជាច្រើន ពិសេសក្រសួងទេសចរណ៍ ពិតជាបានរួមចំណែកជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្ដរជាតិកាន់តែច្រើន។ ក្រោយព្រឹត្តិការណ៍ជិះកង់មកកាន់ប្រាសាទភ្នំដានេះ ឯកឧត្តមសង្ឃឹមថានឹងធ្វើឲ្យប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសបានស្គាល់កាន់តែទូលំទូលាយពីទឹកដីកំណើតដំបូងនៃព្រះរាជាណាចក្រកម្ពុជានេះ ហើយចូលរួមធ្វើដំណើរកម្សាន្ដ ខណៈសហគមន៍មានផលិតផលជាច្រើនរង់ចាំស្វាគមន៍ទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិ។គួរដឹងថា នេះជាលើកដំបូងហើយ ដែលសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ ភ្នំដា សហការជាមួយក្លឹបជិះកង់អូដាកកម្ពុជា និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល បានរៀបចំព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា និងការសិក្សា» ដែលមានចម្ងាយទៅមកពីរាជធានីភ្នំពេញ ទៅកាន់ប្រាសាទភ្នំដា ចម្ងាយ ១៧៩គីឡូម៉ែត្រ ក្នុងគោលបំណងបំផុសចលនាកីឡាដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ផ្សារភ្ជាប់សកម្មសប្បុរសធម៌ និងជួយលើកកម្ពស់ការផ្សព្វផ្សាយតំបន់ទេសចរណ៍ប្រវត្តិសាស្ដ្រ ប្រាសាទភ្នំដា។ក្រោយចេញដំណើរពីរាជធានីភ្នំពេញ ដោយមានការអញ្ជើញសំណេះសំណាល និងជិះកង់ជូនដំណើរពីឯកឧត្តម ហួត ហាក់ ក្បួនកង់បានធ្វើដំណើរដល់គោលដៅដោយសុវត្ថិភាព និងទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីអាជ្ញាធរខេត្តតាកែវ ។ បន្ទាប់មកក៏មានការចែកកង់ចំនួន ២០ និងសម្ភារសិក្សាដល់សិស្សានុសិស្សជាង ៤០០នាក់ មកពីសាលាបឋមសិក្សាចំនួន ៤ ព្រមទាំងកម្មវិធីដាំកូនក្ងោកចំនួន ៦០០ដើម ក្រោមវត្តមានឯកឧត្តម វ៉ី សំណាង, ឯកឧត្តម ហេង សុខចំរើន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រោមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល ព្រមទាំងមន្ដ្រី និងកីឡាករ-កីឡាការិនីជាតិជាច្រើនផងដែរ៕ 

រដ្ឋមន្រ្តីក្រសួងទេសចរណ៍​៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករ​នៃការ​អនុវត្ត​ឆ្នាំទេសចរណ៍ កម្ពុជា-ចិន»

2026/08/15 01:16:02 pm        344
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស ហៅថា គ.អ.ច.ទ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន។ កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ដើម្បីវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ក្នុងរយៈពេលជិត២ខែកន្លងមកនេះ (១៥ មិថុនា - ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។ កិច្ចប្រជុំនេះ បាន​អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន ដែលមានសហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុបចំនួន​ ៤២រូប ។យោងរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១២ ខែសីហា ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរមានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ តួលេខនេះ ពិតជាបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរនិងវិនិយោគិនចិន មកលើកម្ពុជាដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។ដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានផ្តល់ការអនុញ្ញាតជាគោលការណ៍ ក្នុងការបង្កើត«បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនៅក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយសាកល្បង និងប្រើប្រាស់យន្តការ គ.អ.ច.ទ. ដឹកនាំនិងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕ អត្ថបទ៖ ធូ វិរៈ

កម្ពុជាមានផែនការ​អភិវឌ្ឍអាកាសយានដ្ឋានសៀមរាបចាស់​ឱ្យក្លាយ​ជាមជ្ឈមណ្ឌល ទេសចរណ៍ នាពេលរាត្រី

2026/08/13 04:11:21 pm        934
ភ្នំពេញ៖ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុមហ៊ុន​វិនិយោគអាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរ(AIAI) កំពុង​ជំរុញការអភិវឌ្ឍន៍​គម្រោង​ ​“អច្ឆរិយៈអង្គរ - Miracle Angkor” នៅអាកាសយានដ្ឋានសៀមរាបចាស់ ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល(SSCA) និង ​លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន AIAI នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ បានជួបពិភាក្សាគ្នា​អំពីវឌ្ឍនភាពប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និង ការស្តារលំហូរអ្នកដំណើរ និងការពង្រីកបណ្តាញហោះហើរ ព្រមទាំងរាយការណ៍អំពីវឌ្ឍនភាពសំណើគម្រោងការប្រើប្រាស់ទីតាំងអាកាសយានដ្ឋានសៀមរាបចាស់សម្រាប់គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ទេសចរណ៍នាពេលអនាគត។ ឯកឧត្តម ស៊ីន ចាន់​សិរីវុត្ថាអ្នក​នាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៊ីវិល បានបញ្ជាក់ថា​ គម្រោង “អច្ឆរិយៈអង្គរ - Miracle Angkor” ត្រូវបានវិនិយោគដោយក្រុមហ៊ុន​ AIAI ដែលកំពុងសិក្សាទៅលើទីតាំងអាកាសយានដ្ឋានសៀមចាស់ ដែលមានផ្ទៃដីទំហំជាង ១៩៦.៣២ ហិកតា ឱ្យទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍នាពេលរាត្រី។​ គម្រោងនេះ ក៏មាន​មជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិ ១៧,០០០ម៉ែត្រការ៉េ, សារមន្ទីរឌីជីថល និងការសម្តែងទេសចរណ៍បៃតងឥតកាបូន ដើម្បីប្រែក្លាយពីទេសចរណ៍ឆ្លងកាត់ (Transit) មកជាទេសចរណ៍ស្នាក់នៅ (Stayover) ដោយបន្ថែមការស្នាក់នៅ ១-២ យប់។ ឯកឧត្តម មានប្រសាសន៍៖ «គោលដៅរួមនៃគម្រោង គឺពង្រឹងការតភ្ជាប់ផ្លូវអាកាស ស្តារកំណើនអ្នកដំណើរ បង្កើនភាពទាក់ទាញរបស់សៀមរាប និងប្រែក្លាយការតភ្ជាប់អាកាសចរណ៍ទៅជាកម្លាំងចលករមួយសម្រាប់ទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព»។សូមបញ្ជាក់ សព្វថ្ងៃនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ត្រូវបានបិទលែងឱ្យមានការហោះហើរពាណិជ្ជកម្មទៀតហើយ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ រាល់ជើងហោះហើរទាំងអស់ត្រូវបានផ្ទេរទៅកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI)៕ អត្ថបទ៖ ធូ វិរៈ 

ក្រសួង និងប្រតិបត្តិករទេសចរណ៍រួមគ្នាពង្រីកការធ្វើទីផ្សារ «បូក១» ទាក់ទាញទេសចរអន្តរជាតិ

2026/07/30 02:20:44 pm        374
ក្រសួងទេសចរណ៍ និងដៃគូផ្នែកឯកជន បានព្រមព្រៀងគ្នា ពង្រីកការអនុវត្តយុទ្ធសាស្រ្ត វិធាន​ការ​គន្លឹះ​បន្ទាន់​ និងជំរុញការអនុវត្តសកម្មភាពជាក់ស្តែង ពង្រីកការធ្វើទីផ្សារទេសចរណ៍ផ្ទាល់ និង​ទីផ្សារ ​«បូក១» ដើម្បីស្តារវិស័យទេសចរណ៍ និងពង្រឹងសេចក្តីទុកចិត្ត និងទាក់ទាញ​ទេសចរ​អន្តរជាតិ​ពី​ទីផ្សារគោលដៅសំខាន់ៗមកកាន់កម្ពុជា។ លោកឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារផ្នែកទេសចរណ៍ ក្រុម «ខ» តំណាងផ្នែកឯកជន បាន​ប្រាប់​BTV នៅថ្ងៃទី៣០ ខែកក្កដា នេះថា នៅក្នុងកិច្ច​ប្រជុំ​បូក​សរុប​លទ្ធ​ផល​ការ​ងារ​ប្រចាំ​ឆមាស​​ទី១ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា CTB ​និងលើកទិសដៅការងារបន្ត គឺក្រុមការងារទេសចរណ៍ ផ្នែករដ្ឋ និងឯកជន បាន​សម្រេច​ដាក់​ចេញ​នូវយុទ្ធសាស្ត្រ វិធានការគន្លឹះបន្ទាន់ ពង្រីកការធ្វើទីផ្សារផ្ទាល់ និងទីផ្សារ «បូក១» សំដៅ​ទាក់​ទាញទេសចរអន្តរជាតិដែលទៅទស្សនានៅប្រទេសចិន វៀតណាម ម៉ាឡេស៊ី សិង្ហបូរី និង​ឥណ្ឌូនេស៊ី ជាដើម បន្តដំណើរមកទស្សនាកម្ពុជា។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា បញ្ហា​ប្រឈម​សំខាន់​ៗ​ដែលកំពុងប៉ះពាល់ដល់វិស័យទេសចរណ៍បច្ចុប្បន្ន រួមមានបញ្ហាព្រំដែនកម្ពុជា-ថៃ បទ​ល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Scam, បញ្ហាព័ត៌មានមិនពិត ត្រូវបានផ្សព្វ​ផ្សា​យ​ច្រើន​នៅ​ក្រៅ​ប្រទេស និងបញ្ហាសង្គ្រាមមៅមជ្ឈិមបូព៌ា ដែលធ្វើ​ឱ្យ​កើនឡើ​ង​ថ្លៃ​ប្រេង​ឥន្ធនៈ​ដែល​ជះ​ឥទ្ធិពលដ​ល់ការធ្វើដំណើរអន្តរជាតិ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ក្រុមការងារទេសចរណ៍ផ្នែក រដ្ឋ និងឯកជន បានឯកភាពដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីស្តារទំនុកចិត្ត និង​ទាក់​ទាញ​ទេសចរ​អន្តរជាតិមកកម្ពុជា ដែលមានជាអាទិ៍៖ ការពង្រីកទីផ្សារទេសចរណ៍ផ្ទាល់ និងទីផ្សារ «បូក១» ​តាមរយៈវៀតណាម សិង្ហបុរី និងទីផ្សារសក្តានុពលផ្សេងទៀត, ការ​កសាង​ទំនុក​ចិត្ត​របស់​ទេសចរអន្តរជាតិ តាមរយៈការពង្រឹងការផ្សព្វផ្សាយជាមួយស្ថាប័នសារព័ត៌មានអន្តរជាតិធំៗ ការ​អញ្ជើញក្រុមហ៊ុនទេសចរណ៍អន្តរជាតិ អញ្ជើញអ្នកសារព័ត៌មានអន្តរជាតិ និងអ្នក​បង្កើត​មាតិកា​បរទេសល្បីៗមកទស្សនាកម្ពុជា ព្រមទាំងការជំរុញការងារភាពយន្តទេសចរណ៍ជាដើម។ នៅ​ក្នុងកាលៈទេសៈលំបាកនេះ ឯកឧត្តម ក៏បានទាមទារឱ្យមានការចូលរួមពីគ្រប់ផ្នែក គ្រប់ថ្នាក់ និង​ពង្រឹងសមត្ថភាព ពង្រឹងភាពធន់ ពង្រឹងភាពម្ចាស់ការបន្ថែមទៀត សំដៅ​ជំរុញ​សន្ទុះ​វិស័យ​ទេសចរណ៍ ​ដើម្បីរក្សានូវភាពប្រកួតប្រជែងខ្ពស់ក្នុងតំបន់ ប្រកបដោយភាពជឿជាក់ ច្នៃប្រឌិត និង​បត់​បែន​ឱ្យទាន់សភាពការណ៍ សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យមានភាពរឹងមាំ និង​និរន្តរភាព​៕ អត្ថបទ៖ ស៊ុម សុខជា

ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី «ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែល​បាន​បាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ»

2026/07/29 04:48:37 pm        317
ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី«ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ» នឹងត្រូវបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ ព្រឹតិ្តការណ៍វប្បធម៌ដ៏សំខាន់នេះ សហការរៀបចំឡើងដោយនាយកដ្ឋានបុរាណវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំ។លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង តាមរយៈBTV ព័ត៌មាន នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះថា ដោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង នាយកដ្ឋានបុរាណវត្ថុនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង នឹងរៀបចំពិធីបើកសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីអំពី ការយាងត្រឡប់មកវិញនៃព្រលឹងដូនតា៖ វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នៅបរិវេណសួនបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន។ ការតាំងពិព័រណ៍នេះ គឺត្រូវបានធ្វើឡើងរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្នុងគោលបំណងផ្សព្វផ្សាយដល់សាធារណជនបានជ្រាបព័ត៌មានអំពីសម្បត្តិវប្បធម៌ដែលរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងទាមទារបញ្ជូនត្រឡប់មកមាតុប្រទេសវិញ និងកំពុងសិក្សាស្វែងរកបន្ត ព្រមទាំងជួយផ្សព្វផ្សាយកាន់តែទូលំទូលាយជូនដល់សាធារណជនទូទៅ ឱ្យយល់កាន់តែច្បាស់ពីតម្លៃនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវចូលរួមថែរក្សាទាំងអស់គ្នា។ លោក ប៊ុនថន សុខាណារិទ្ធ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងលើកឡើងថា «ន័យសំខាន់ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងទាំងអស់ បានដឹងអំពីតម្លៃនៃវប្បធម៌មើលឃើញអំពីសកម្មភាពនៃការខិតខំប្រឹងប្រែងក្នុងការទាមទារនូវសម្បតិ្តបេតិកភណ្ឌជាតិ និងការដាស់ស្មារតីប្រជាពលរដ្ឋយើងឲ្យចេះស្រលាញ់មរតកដូនតាយើង។ តម្លៃ វាមានតម្លៃប្រវតិ្តសាស្រ្ត វាមានតម្លៃព្រលឹងជាតិ នោះការតភ្ជាប់បេះដូង។ វត្ថុបុរាណ មិនមែនត្រឹមតែរូបចម្លាក់ថ្ម ឬក៏ដែកនោះទេ ក៏ប៉ុន្តែវាគឺជារបស់ដែលតំណាងឲ្យស្មារតី និងកម្លាំងចិត្តរបស់បុព្វបុរសខ្មែរយើង។» លោក ប៊ុនថន សុខាណារិទ្ធ បានបញ្ជាក់ទៀតថា វត្ថុសិល្បៈខ្មែរ ដែលបានបាត់បង់ និងការទាមទារបញ្ជូនត្រឡប់មកកម្ពុជាវិញនេះ តាមរយៈនៃការទាមទារ ដែលឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងការទូត។ សបញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង ឃើញពីយុទ្ធនាការតាមផ្លូវច្បាប់អន្តរជាតិ និងការទូតរបស់រាជរដ្ឋាភិបាល ចាប់តាំងពីសម្តេចតេជោ រហូតដល់សម្តេចធិបតី ហើយក៏ឆ្លុះបញ្ចាំងឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រី្តជំនាញ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាស្ថាប័នសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទាមទារយកត្រឡប់មកវិញ៕ អត្ថបទ រដ្ឋា

កម្ពុជា-ឡាវ-វៀតណាម ដាក់ចេញកញ្ចប់ទស្សនកិច្ចរួម «ប្រទេសបី គោលដៅមួយ» ដើម្បីជំរុញ​ការ​ធ្វើ​ដំណើរក្នុងតំបន់

2026/07/14 07:51:03 pm        755
ភ្នំពេញ៖ កម្ពុជា ឡាវ និងវៀតណាម បានដាក់ចេញកញ្ចប់ទស្សនិច្ចរួម «ប្រទេសបី គោល​ដៅ​តែ​មួយ» ដើម្បីជំរុញការធ្វើដំណើរក្នុងតំបន់។ សម្រាប់កម្ពុជា ការដាក់ចេញកញ្ចប់ទស្សន«ប្រទេសបី គោល​ដៅតែមួយ» គឺអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការចង្អុលបង្ហាញរបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា (Cambodia Head of NTO) បានដឹកនាំមន្ត្រីជំនាញក្រសួងទេសចរណ៍ ជួបប្រជុំត្រីភាគីជាមួយគណៈប្រតិភូឡាវ ដឹកនាំដោយ លោកជំទាវ Phonemaly Inthaphome អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍នៃក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ និងគណៈប្រតិភូវៀតណាមដឹកនាំដោយ លោកជំទាវ Thi Hoa Nguyen អនុប្រធានអាជ្ញាធរទេសចរណ៍ជាតិវៀតណាម (VNAT) ដើម្បីពិភាក្សាអំពីវឌ្ឍនភាព និងការដាក់ចេញផែនការអាទិភាពដើម្បីជំរុញ​យុទ្ធនាការ “ប្រទេសបី គោលដៅមួយ (Three Countries, One Destination)”។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ស្របពេលដែលគណៈប្រតិភូទាំង ៣ប្រទេស បានចូលរួមជាមួយគណៈប្រតិភូប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។ភាគីទាំងបី បានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការជម្រុញយុទ្ធនាការ «ប្រទេសបី គោលដៅមួយ» ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី។ ក្នុងន័យនេះ ដើម្បីជម្រុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លៃផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំងបីបានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា ដោយរួមមាន៣ថ្ងៃនៅប្រទេសវៀតណាម ៣ថ្ងៃនៅប្រទេសកម្ពុជា និង៣ថ្ងៃនៅប្រទេស ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជម្រុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣។ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមាន ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា...) ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet) និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំងបី និងពីប្រទេសទី៣។ ជាមួយគ្នានេះ មន្រ្តីជំនាញទាំងបី នឹងបន្តជួបគ្នាដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម។លទ្ធផលនៃការអនុវត្តសកម្មភាព និងយុទ្ធនាការទាំងអស់នេះ នឹងត្រូវរាយការណ៍ជូនរដ្ឋមន្រ្តីទេសចរណ៍ទាំងបីនាអំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម លើកទី១ ដែលនឹងប្រព្រឹត្តទៅនាអំឡុង ពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី២០ ចាប់ ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីវាយតំលៃ និងដាក់ចេញនូវផែនការអនុវត្តបន្ត៕ អត្ថបទ៖ ធូ វិរៈ

អាជ្ញាធរជាតិអប្សរា កំពុង​បន្តជួសជុលពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ​

2026/07/10 09:38:08 pm        278
ក្រុមការងារជំ​នាញ​នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តជួសជុលកាំជណ្តើរ និងច្រាំងស្រះទឹកខាងជើង របស់​ប្រាសាទអង្គរវត្ត ដើម្បីសង្គ្រោះរចនាសម្ព័ន្ធបុរាណ ដែលកំពុង​​រងការខូចខាត និងលើកតម្លៃទេសភាពឡើងវិញ។ ដំណើរការជួសជុល​ដំណាក់កាលទី៦នេះ ​បាន​ចាប់ផ្តើមតាំង​​ពីពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦ ហើយគ្រោង​នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦នេះ។ លោកស្រី ភិន វិជ្ជាសុច្ចរ៉ា មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា បច្ចុប្បន្ន​ក្រុមការងាររបស់លោកស្រី កំពុងជួសជុលកាំជណ្ដើរ និងច្រាំងស្រះទឹកខាងជើង​របស់​ប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៦ ដែលមានប្រវែង ៥៦ម៉ែត្រ ជាដំណាក់កាលបញ្ចប់។ បច្ចុប្បន្ន​នេះ ​រចនា​សម្ព័ន្ធ​ស្រះ​ទឹកខាងជើងរបស់ប្រាសាទអង្គរវត្ត បាន​​រងការខូចខាត​ មានកំណកដីច្រើន ធ្វើឱ្យបាត់​រូបរាងដើម​របស់ស្រះ កាំជណ្តើរស្រះជាច្រើនក៏កប់បាត់​ក្នុងដី ថ្មច្រាំងខ្លះ​ក៏​ខូចខាត​ដោយសារតែ​បៀមទឹក ធ្វើឱ្យថ្មឆាប់ពុកផុយ ថែមទាំង​រង​កម្តៅថ្ងៃជាមួយនិង​ទឹក​​ក្តៅ​សើម​ៗ បណ្តាល​ឱ្យ​ថ្មភក់​​ងាយ​នឹង​បាក់បែក។ កន្លែង​ខ្លះ​បាន​បាត់​ថ្ម ធ្វើ​ឱ្យ​មាន​ចន្លោះ​​​ប្រហោង ជាហេតុ​​បណ្តាល​ឱ្យ​ទឹក​ហូរ​នាំ​ដី​ច្រោះ​ចូល​ទៅ​ក្នុង​ស្រះក៏មាន​​។ ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា បានប្រើបច្ចេកទេសជួសជុល ដំបូងដោយ​​រុះ​រើ​ថ្ម​ជាស្រទាប់ៗ ហើយ​រំកិល​ទៅ​ដាក់នៅ​ទីតាំង​ផ្សេង ដើម្បី​ងា​យ​ស្រួល​ក្នុង​ការ​ជួសជុល បន្ទាប់មកត្រូវក្រាលស្បៃ ដែលមានតួនាទីសំខាន់ណាស់​ក្នុងការជួយទប់ដីកុំឱ្យហូរច្រោះ។ ការ​ជួសជុល​ពង្រឹងរចនាសម្ព័ន្ធស្រះទឹកខាងជើង ប្រាសាទអង្គរវត្ត បានចាប់ផ្តើម​ការងារ​​ស្រាវ​ជ្រាវ​​តាំង​ពី​​ឆ្នាំ​២០១៩​មក។ ​មុន​នឹងធ្វើការជួសជុល​ដំណាក់កាលនីមួយៗ គឺ​ក្រុម​អ្នក​ជំនាញ​​ បាន​​រៀបចំការងារ​ជាច្រើន ដូចជា​ កំណាយ​សិក្សាស្រាវជ្រាវពី​ស្ថានភាព​ដើម​របស់​វា រួច​សម្រង់​ប្លង់​គ្រប់​ជ្រុងជ្រោយ សិក្សា​ប្លង់ រៀបចំឯកសារឆ្លងគណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ និងសំបូរព្រៃគុក ដើម្បីការគាំទ្រ ហើយមុនជួសជុលគណៈកម្មាធិការICC-Angkor/Sambor Prei Kuk ក៏​បានតម្រូវឱ្យសិក្សារចនាសម្ព័ន្ធ និងវិភាគការខូចខាតជាមុនផងដែរ៕

ក្រុមហ៊ុនអាកាសចរណ៍មួយពីឌូបៃ ចាប់អារម្មណ៍ផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងពិចារណាភ្ជាប់​ជើងហោះហើរ​មកកម្ពុជា

2026/06/30 08:57:14 pm        385
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ បានបញ្ជាក់ថា ក្រុមហ៊ុន Hadid International Services (HADID) ដែលឈានមុខផ្នែកសេវាកម្មអាកាសចរណ៍អន្តរជាតិពីទីក្រុងឌូបៃ ចាប់អារម្មណ៍ និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា និងពិចារណាតភ្ជាប់ជើងហោះហើររបស់ខ្លួនមកប្រទេសកម្ពុជា។​ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកស្រី Aida Ismail តំណាងក្រុមហ៊ុន និងជានាយិកាប្រចាំតំបន់ និងសហការីជាន់ខ្ពស់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ ដោយផ្តោតលើការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ការពង្រឹងការតភ្ជាប់ផ្លូវអាកាសរបស់ក្រុមហ៊ុនមកកាន់ប្រទេសកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។ក្នុងជំនួបនេះ លោកស្រី Aida Ismail បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុនចូលជួបពិភាក្សាការងារ ព្រមទាំងបានធ្វើបទបង្ហាញអំពីប្រវត្តិ និងសកម្មភាពរបស់ក្រុមហ៊ុន Hadid Aviation ដែលជាក្រុមហ៊ុនឈានមុខផ្នែកសេវាគាំទ្រអាកាសចរណ៍អន្តរជាតិ ដែលបង្ហាញពីគោលបំណងចូលរួមជាមួយក្រសួងទេសចរណ៍ ក្នុងការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកតាមរយៈបណ្តាញដៃគូអន្តរជាតិ, ការរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយ, ការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ, ក៏ដូចជា ការស្វែងរកឱកាសពង្រីកសេវាកម្មអាកាសចរណ៍ ដូចជា Jet Charter និង MEDEVAC នៅកម្ពុជា។ បន្ថែមពីលើនេះ ក្រុមហ៊ុនក៏បានបង្ហាញពីគម្រោងផ្សព្វផ្សាយរឿងរ៉ាវ និងសក្តានុពលរបស់កម្ពុជា តាមរយៈការបោះពុម្ពសៀវភៅ និងការបកប្រែជាង ៣០ ទៅ ៥០ ភាសា ដើម្បីឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែទូលំទូលាយផងដែរ។ ជាការ​ឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ក្នុងការចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា និងពង្រឹងការតភ្ជាប់ផ្លូវអាកាសពីតំបន់មជ្ឈិមបូព៌ាមកកាន់រាជធានីភ្នំពេញ និងខេត្តសៀមរាប ព្រមទាំងបានស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពរៀបចំដំណើរកម្សាន្តសិក្សា (FAM Trip) ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីសហព័ន្ធអារ៉ាប់រួម និងតំបន់មជ្ឈិមបូព៌ាមកកម្ពុជា ព្រមទាំងសិក្សាលទ្ធភាពបង្កើតជើងហោះហើរត្រង់ ឬ ជើងហោះហើរឯកជនបន្ថែម ជាពិសេសមកកាន់ខេត្តសៀមរាប និងជំរុញការអភិវឌ្ឍទេសចរណ៍ VIP និង Business Aviation។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យក្រុមហ៊ុនបន្តផ្សព្វផ្សាយវីដេអូ និងខ្លឹមសារអំពីសក្តានុពលទេសចរណ៍កម្ពុជាតាមបណ្តាញផ្សព្វផ្សាយរបស់ក្រុមហ៊ុន រួមទាំង Showroom បណ្តាញសង្គម និងអេក្រង់ក្នុងយន្តហោះក្នុងការចូលរួមគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជា នារដូវបៃតង» រួមទាំងការផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍សម្រាប់ភ្ញៀវមូស្លីម។ ក្នុង​ឆ្នាំ២០២៦ គឺជាខួបលើកទី៣២ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធអារ៉ាប់រួម ដែលជាមូលដ្ឋានដ៏រឹងមាំសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងអាកាសចរណ៍។ ក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,៥ លាននាក់ ក្នុងនោះ មានភ្ញៀវមកពីតំបន់មជ្ឈិមបូព៌ាប្រមាណ ១.២០០ នាក់៕ អត្ថបទ៖ ធូ វិរៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការរីករាលដាលឆ្លងជំងឺអេបូឡានៅកុងហ្គោក្លាយជាករណីឆ្លងស្លាប់មនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្ត
08/17/2026 09:08 PM
ភ្លៀងធ្លាក់ផ្តល់ក្តីសង្ឃឹមក្នុងការប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃធំបំផុតនៅបែលហ្ស៊ិក
08/17/2026 09:08 PM
ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន កម្ពុជា​ និងទីម័រឡេស្តេ ផ្លាស់ប្ដូរបទពិសោធលើការប្រើប្រាស់ថ្នាល verify.gov.kh ដើម្បីផ្ដល់សេវាសាធារណៈកាន់តែល្អប្រសើរជូនប្រជាពលរដ្ឋ
08/17/2026 09:08 PM
អាល្លឺម៉ង់បញ្ជាក់​ថា Bundeswehr ស្ថិតនៅលើផ្លូវត្រូវ ក្នុង​ការ​សម្រេចគោលដៅកងទ័ពឆ្នាំ២០២៦
08/17/2026 08:08 PM
រុស្ស៊ីមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍ដ្រូន ក្នុងតំបន់ចំនួន ៣៥ នៅឆ្នាំ២០៣០
08/17/2026 08:08 PM
មនុស្សយ៉ាងហោច ៦នាក់ ស្លាប់ នៅក្នុងការវាយប្រហារមីស៊ីលអ៊ុយក្រែនលើតំបន់ Belgorod របស់រុស្ស៊ី
08/17/2026 08:08 PM
មនុស្សជាង ១០នាក់ស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងប៉ូឡូញនៅហុងគ្រី
08/17/2026 08:08 PM
នាវាដឹកយន្តហោះចម្បាំងអាមេរិកចុះប្រតិបត្តិការពេលយប់ ស្របពេលភាពតានតឹងជាមួយអ៊ីរ៉ង់
08/17/2026 08:08 PM
មនុស្សយ៉ាងហោច ៧នាក់ ស្លាប់ ក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះសណ្ឋាគារនៅរដ្ឋ West Bengal ប្រទេសឥណ្ឌា
08/17/2026 08:08 PM
អ៊ីរ៉ង់ថា កិច្ចពិភាក្សាជាមួយអូម៉ង់នៅបន្ត ហើយកិច្ចខិតខំការទូតធ្វើឡើងសម្រាប់អ្នកបើកបរយន្តហោះឃុំខ្លួននៅកាតា
08/17/2026 08:08 PM