មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Mojtaba Khamenei បាននិយាយកាលពីថ្ងៃសុក្រ ទី២០ ខែមីនា ថា ប្រទេសលោកបានវាយប្រហារសន្ធាប់ខ្លាំងធ្វើឲ្យសត្រូវវង្វេងនៅក្នុងសង្គ្រាមជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ខណៈការផ្ទុះថ្មីៗបានវាយប្រហារទីក្រុងតេអេរ៉ង់ នៅថ្ងៃទី១នៃពិធីបុណ្យចូលឆ្នាំថ្មីតាមប្រតិទិនពែក្សស៊ី។
លោក Khamenei មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ចាប់តាំងពីត្រូវបានតែងតាំងឱ្យឡើងបន្តតំណែងពីឪពុករបស់លោក គឺលោក Ali Khamenei ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅពេលសង្គ្រាមដំបូងដែលបានហ៊ុមព័ទ្ធតំបន់នោះ ហើយបានត្រឹមតែចេញសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរតែប៉ុណ្ណោះ។

លោក Khamenei បាននិយាយនៅក្នុងសារក្នុងឆ្នាំថ្មីតាមប្រតិទិនពែក្សស៊ីថា អ៊ីរ៉ង់បាន «វាយប្រហារយ៉ាងសន្ធាប់ធ្វើឲ្យសត្រូវវង្វេង ដូច្នេះសត្រូវចាប់ផ្តើមនិយាយពាក្យអ្វីដែលផ្ទុយ និងមិនសមហេតុផល»។
លោក Khamenei បាននិយាយនៅក្នុងសារនោះថា «នៅពេលនេះ ដោយសារតែមានការឯកភាពពិសេសត្រូវបានបង្កើតឡើងរវាងអ្នកដែលជាជនរួមជាតិរបស់យើង ទោះបីជាមានភាពខ្វែងគំនិតគ្នាខាងសាសនា បញ្ញា វប្បធម៌ និងនយោបាយក៏ដោយ សត្រូវត្រូវបានកម្ចាត់ចោល»។
អ្នកឆ្លើយឆ្លងព័ត៌មាន AFP បាននិយាយថា នៅក្នុងទីផ្សារនៃរដ្ឋធានីប្រទេសអ៊ីរ៉ង់ អ្នកទិញទំនិញបានចេញទិញសម្លៀកបំពាក់ និងអំណោយថ្មីៗ ទោះបីជានៅតាមដងផ្លូវពុំសូវមានមនុស្សច្រើនដូចតាមធម្មតាសម្រាប់ពេលវេលានេះនៃឆ្នាំក៏ដោយ ដោយមនុស្សជាច្រើន បានភៀសខ្លួនចេញទៅភាគខាងជើង ។

