កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានគំរាមបំផ្លាញរោងចក្រថាមពលរបស់អ៊ីរ៉ង់ បើសិនជាទីក្រុងតេអេរ៉ង់ មិនបើកឡើងវិញទាំងស្រុងច្រកសមុទ្រ Hormuz ទេនោះ ក្នុងរយៈពេល ៤៨ម៉ោង ដែលជាការកើនឡើងភាពតានតឹងយ៉ាងខ្លាំងមួយ រយៈពេលមិនដល់ ១ថ្ងៃផង ក្រោយរូបលោក និយាយពីការបញ្ចប់សង្រ្គាម ។
លោក Trumpនិយាយនៅលើបណ្តាញព័ត៌មានសង្គមថា បើសិនជាអ៊ីរ៉ង់ពុំបើកទាំងស្រុង ដោយគ្មានការគំរាមកំហែងច្រកសមុទ្រ Hormuz ទេនោះ ក្នុងរយៈពេល ៤៨ម៉ោង ចាប់ពីពេលនេះតទៅ សហរដ្ឋអាមេរិក នឹងវាយប្រហារ និងបំផ្លាញរោងចក្រថាមពលជាច្រើនរបស់ពួកគេ ចាប់ផ្តើមជាមួយការវាយប្រហារដំបូងធំបំផុត ។

សារព័ត៌មានអ៊ីរ៉ង់រាយការណ៍នៅព្រឹកថ្ងៃអាទិត្យនេះថា បញ្ជាការប្រយុទ្ធរួបរួមរបស់អ៊ីរ៉ង់ បានព្រមានថា បើសិនជាហេដ្ឋារចនាសម្ព័ន្ធប្រេង និងថាមពលអ៊ីរ៉ង់ ត្រូវបានវាយប្រហារ ហេដ្ឋារចនាសម្ព័ន្ធថាមពលសហរដ្ឋអាមេរិកទាំងអស់របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ នឹងក្លាយជាគោលដៅវាយប្រហារ ។
ការគំរាមកំហែងវាយប្រហាររបស់អ៊ីរ៉ង់ បានរារាំងនាវាភាគច្រើនពីការធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រមួយនេះ ដែលជាផ្លូវទឹកដ៏តូចចង្អៀតប្រើប្រាស់សម្រាប់ផ្គត់ផ្គង់ ១ភាគ ៥នៃប្រេង និងឧស្ម័នធម្មជាតិរាវសកល ធ្វើឲ្យគំរាមកំហែងដល់ការឡើងថ្លៃថាមពលសកល ។
ការបិទច្រកសមុទ្រស្ទើតែទាំងស្រុងនេះដែរ បានធ្វើឲ្យតម្លៃឧស្ម័នអឺរ៉ុប ហក់ឡើងខ្ពស់ច្រើនរហូតដល់ចំនួន ៣៥ភាគរយ កាលពីសប្តាហ៍មុន ៕


