យោងតាមការអះអាងរបស់មន្រ្តីសហរដ្ឋអាមេរិក ៣រូបដែលនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក នឹងដាក់ពង្រាយនាវាវាយប្រហារលើគោកជាមួយកងម៉ារីន និងទាហានជើងទឹករាប់ពាន់នាក់បន្ថែមទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ។
មនុស្ស ២នាក់ ក្នុងចំណោមមន្រ្តី ៣រូបនោះ និយាយថា ពុំទាន់មានការសម្រេចចិត្តត្រូវបានធ្វើឡើងនោះទេ ក្នុងការបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែពួកគេនឹងបង្កើនសមត្ថភាពសម្រាប់ប្រតិបត្តិការពេលអនាគតដ៏មានសក្តានុពល នៅក្នុងតំបន់ ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ រាយការណ៍នៅដើមសប្តាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោនដែលចង់បើកឡើងវិញចក្រសមុទ្រ Hormuz នោះ កំពុងពិចារណ៍លើការដាក់ពង្រាយទាហានទៅកាន់ទីនោះ ហើយនិងរួមទាំងការឡើងគោកផងដែរ ។
របាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានដឹងថា រដ្ឋបាលលោក Trump ពិចារណាដាក់ពង្រាយកងទ័ពអាមេរិករាប់ពាន់នាក់ ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅមជ្ឈិមបូព៌ា ។ លទ្ធភាពនៃការដាក់ពង្រាយនេះ អាចប្រើកម្លាំងដែនអាកាស និងកងទ័ពជើងទឹក ដើម្បីធានាការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់នាវាដឹកប្រេង ឆ្លងកាត់ច្រកសមុទ្រ Hormuz ឬអាចពាក់ព័ន្ធនឹងការដាក់ពង្រាយកងទ័ពអាមេរិកទៅកាន់ច្រាំងសមុទ្ររបស់អ៊ីរ៉ង់ ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា លោកពុំបានដាក់ទ័ពនៅកន្លែងណាមួយនោះទេ ។
ដោយឡែក ការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos ដែលបានបិទកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរកឃើញថា ជនជាតិអាមេរិកប្រហែល ៦៥ភាគរយ នៃអ្នកឆ្លើយតបសំណួរស្ទង់មតិ ជឿថា លោក Trump នឹងបញ្ជាឲ្យកងទ័ពចូលធ្វើសង្គ្រាមជើងគោកទ្រង់ទ្រាយធំនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយមានតែមនុស្សចំនួន ៧ភាគរយប៉ុណ្ណោះដែលគាំទ្រគំនិតនោះ ៕
