ប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff និយាយនៅក្នុងសារបង្ហោះលើបណ្តាញព័ត៌មានសង្គម Xថា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែនមាននូវជំនួបលក្ខណៈស្ថាបនា ដែលជាផ្នែកមួយនៃកិច្ចខិតខំសម្របសម្រួល ។
លោកនិយាយថា កិច្ចពិភាក្សាបានផ្តោតសំខាន់លើការការបង្រួម និងដោះស្រាយចំណុចខ្ទាស់នៅសេសសល់ ដើម្បីខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ ។
យោងតាមសម្តីរបស់លោក Witkoff បានឲ្យដឹងថា គណៈប្រតិភូអាមេរិក រួមមានទាំងរូបលោក លោក ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Josh Gruenbaum និងទីប្រឹក្សាគោលនយោបាយជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកលោក Chris Curran ។

គួរឲ្យដឹងថា គណៈប្រតិភូសហរដ្ឋអាមេរិក និងអ៊ុយក្រែន មាននូវជំនួបមួយនៅទីក្រុង Miami ហើយប្រភពជិតស្និតនឹងជំនួបនេះ បានឲ្យដឹងថា ការងារគ្រឹះធ្វើឡើងសម្រាប់ជំនួបមួយទៀតរវាងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ។
លោក Zelenskiy និយាយប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា ក្រុមការងារសហរដ្ឋអាមេរិក និងអ៊ុយក្រែន នឹងផ្តោតសំខាន់លើឯកសារទ្វេភាគី និងពិភាក្សាលើកច្ចព្រមព្រៀងយានដ្រូន អំឡុងជំនួបចុងសប្តាហ៍ ។
ដំបូងឡើយ ជំនួបនៅទីក្រុង Miami គ្រោងនឹងរួមបញ្ចូលក្រុមចរចារុស្ស៊ីផងដែរ ហើយនិងជំនួបធ្វើឡើងនៅទីក្រុង Abu Dhabi ដើម្បីផ្តោតសំខាន់លើកាស្វែងរកដំណោះស្រាយចំពោះសង្រ្គាមរយៈពេល ៤ឆ្នាំ បង្កឡើងដោយសារការវាយលុកពេញបន្ទុករបស់រុស្ស៊ីកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕