ក្រុមអ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិក ដែលកំពុងព្យាយាមឈានទៅរកដំណោះស្រាយសង្រ្គាមជាង ៤ឆ្នាំរវាងទីក្រុងគីវ និងទីក្រុងមូស្គូ បានបើកកិច្ចពិភាក្សាជុំចុងក្រោយបំផុតក្នុងរដ្ឋ Florida កាលពីថ្ងៃសៅរ៍កន្លងទៅ ហើយការពិភាក្សាបន្ថែមទៀតត្រូវបានគ្រោងទុកនៅថ្ងៃអាទិត្យ ទី២២ ខែមីនា ចុងសប្តាហ៍នេះ (ពេលវេលានៅសហរដ្ឋអាមេរិក)។ តំណាងរុស្ស៊ី ពុំមានវត្តមានក្នុងកិច្ចប្រជុំនោះទេ។
លោក Rustem Umerov ប្រធានអ្នកចរចាអ៊ុយក្រែន បានបង្ហោះលើបណ្តាញសង្គម X ថា៖ «ភាគីបានបន្តពិភាក្សាលើបញ្ហាសំខាន់ៗ និងជំហានបន្ទាប់នៅក្នុងដំណើរការចរចា។ ការយកចិត្តទុកដាក់ជាពិសេសត្រូវបានផ្ដោតទៅលើការតម្រឹមវិធីសាស្រ្តឱ្យស្របគ្នា ដើម្បីបោះជំហានទៅមុខបន្ថែមទៀតឆ្ពោះទៅរកលទ្ធផលជាក់ស្តែង»។

គួរឱ្យដឹងថា ក្រុមអ្នកចរចារុស្ស៊ី និងអ៊ុយក្រែន បានជួបចរចាចំនួន ២លើក ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅអារ៉ាប់រួម និងជុំមួយទៀតនៅទីក្រុងហ្សឺណែវ កាលពីពេលកន្លងទៅ។ ទីក្រុងមូស្គូ និងទីក្រុងគីវ បានព្រមព្រៀងគ្នាលើការដោះដូរឈ្លើយសឹក ប៉ុន្តែមិនមានការទម្លាយភាពទាល់ច្រកធំដុំណាមួយត្រូវបានសម្រេចនោះទេ។
សេតវិមានបានពិពណ៌នាកិច្ចប្រជុំចុងក្រោយបំផុតនេះថា «ប្រកបដោយលក្ខណៈស្ថាបនា» ដោយការពិភាក្សា «ផ្តោតលើការបង្រួម និងដោះស្រាយចំណុចនៅសេសសល់ ដើម្បីខិតទៅជិតកិច្ចព្រមព្រៀងសន្តិភាពដ៏ទូលំទូលាយមួយ»។ លោក Umerov និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា នឹងមានការចរចាបន្ថែមទៀតនៅថ្ងៃអាទិត្យនេះ។
ប្រេសិតពិសេសរបស់អាមេរិក លោក Steve Witkoff បាននិយាយថា ភាគីអាមេរិក បានស្វាគមន៍ចំពោះ «ការបន្តប្តេជ្ញាចិត្តឆ្ពោះទៅរកការដោះស្រាយបញ្ហាដែលមិនទាន់សម្រេចបាន»៕

