អាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយ ការបញ្ជូនយន្តហោះចម្បាំងប្រភេទ F-16V ដែលបានពន្យារពេល សម្រាប់កោះតៃវ៉ាន់ នឹងចាប់ផ្តើមក្នុងឆ្នាំនេះ បន្ទាប់ពីមន្ត្រីអាជ្ញាធរការពារជាតិជាន់ខ្ពស់បានទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
កោះតៃវ៉ាន់ ដែលប្រឈមសម្ពាធយោធាកាន់តែខ្លាំងឡើងពីប្រទេសចិន បានត្អូញត្អែរអំពីភាពយឺតយ៉ាវដដែលៗក្នុងការបញ្ជូនអាវុធដែលខ្លួនបានបញ្ជាទិញពីអាមេរិក ដែលជាអ្នកគាំទ្រអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុតសម្រាប់កោះតៃវ៉ាន់ ជាទីដែលទីក្រុងប៉េកាំង អះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន។

កាលពីឆ្នាំ២០១៩ អាមេរិកបានអនុម័តការលក់យន្តហោះចម្បាំង F-16 របស់ក្រុមហ៊ុន Lockheed Martin ក្នុងតម្លៃ ៨ពាន់លានដុល្លារដល់កោះតៃវ៉ាន់ ដែលជាកិច្ចព្រមព្រៀងមួយនឹងធ្វើឱ្យចំនួនយន្តហោះ F-16 របស់កោះនេះកើនឡើងដល់ជាង ២០០ គ្រឿង ប៉ុន្តែគម្រោងនេះបានរងផលប៉ះពាល់ដោយបញ្ហានានា រួមទាំងបញ្ហាកម្មវិធីសូហ្វវែរផងដែរ។
អាជ្ញាធរការពារជាតិតៃវ៉ាន់ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ (២១ មីនា) ថា មន្រ្តីជាន់ខ្ពស់តៃវ៉ាន់ អមដំណើរដោយអនុប្រធានបុគ្គលិកទ័ពអាកាស បានទៅទស្សនកិច្ចខ្សែច្រវាក់ដំឡើងយន្តហោះ F-16V របស់ក្រុមហ៊ុន Lockheed Martin ក្នុងរដ្ឋ South Carolina កាលពីថ្ងៃចន្ទកន្លងទៅ ដើម្បីពិនិត្យមើលយន្តហោះគ្រឿងដំបូង ចំណែកឯការបញ្ជូននឹងចាប់ផ្តើមនៅឆ្នាំនេះ។
ក្រុមហ៊ុន Lockheed Martin បានចាត់តាំងបុគ្គលិកជាច្រើនរយនាក់ដើម្បីដំឡើងយន្តហោះដែលនៅសេសសល់ ហើយបានបញ្ជាក់ថា «មិនមានការរាំងស្ទះទាំងក្នុងផ្នែកផ្គត់ផ្គង់គ្រឿងបន្លាស់ ឬកម្លាំងពលកម្មនោះទេ ការផលិតកំពុងដំណើរការក្នុងសមត្ថភាពពេញលេញ»៕

