កាសែត Daily Mail បានរាយការណ៍កាលពីថ្ងៃសៅរ៍ (២១ មីនា) ថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់ចក្រភពអង់គ្លេស ដែលបំពាក់ដោយមីស៊ីលតម្រង់គោលដៅប្រភេទ Tomahawk បានចូលទៅកាន់ទីតាំងក្នុងសមុទ្រអារ៉ាប់ ដែលផ្តល់លទ្ធភាពឱ្យចក្រភពអង់គ្លេសអាចបើកការវាយប្រហាររយៈចម្ងាយឆ្ងាយ ប្រសិនបើជម្លោះក្នុងតំបន់មានការរីករាលដាលខ្លាំង។

ក្រសួងការពារជាតិអង់គ្លេស មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីរឿងនេះទេ។ កាសែត Daily Mail បន្តថា នាវាឈ្មោះ HMS Anson ដែលបំពាក់មីស៊ីល Tomahawk ប្រភេទ Block IV និងមីស៊ីលបាញ់ចេញពីក្នុងទឹក Spearfish បានចាកចេញពីទីក្រុង Perth កាលពីដើមខែនេះ ហើយបានធ្វើដំណើរប្រហែលជាង ៨.៨០០គីឡូម៉ែត្រ ទៅកាន់តំបន់សមុទ្រអារ៉ាប់។
របាយការណ៍បន្ថែមថា នាវាមុជទឹកនេះបានងើបឡើងលើផ្ទៃទឹកជាទៀងទាត់ ដើម្បីទាក់ទងជាមួយទីបញ្ជាការចម្រុះអចិន្ត្រៃយ៍របស់ចក្រភពអង់គ្លេសក្នុងតំបន់ Northwood ដែលនៅទីនោះ រាល់ការបញ្ជាឱ្យធ្វើប្រតិបត្តិការបាញ់បង្ហោះណាមួយ នឹងត្រូវអនុម័តដោយនាយករដ្ឋមន្ត្រី និងបញ្ជូនបន្តដោយប្រធានប្រតិបត្តិការចម្រុះ។
របាយការណ៍អំពីការដាក់ពង្រាយនេះបានកើតឡើង បន្ទាប់ពីការិយាល័យនាយករដ្ឋមន្ត្រីអង់គ្លេស បានប្រកាសថា ខ្លួនបានអនុញ្ញាតឱ្យសហរដ្ឋអាមេរិក ប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស សម្រាប់ការវាយប្រហារលើទីតាំងនានារបស់អ៊ីរ៉ង់ ដែលកំពុងគំរាមកំហែងដល់ច្រកសមុទ្រហ័រមូស៕
