ហ្វូងមនុស្សរាប់សែននាក់ បាននាំគ្នាចេញតវ៉ាក្នុងទីក្រុងប្រាក កាលពីថ្ងៃសៅរ៍ (២១ មីនា) ដើម្បីប្រឆាំងនឹងគោលនយោបាយ និងផែនការរបស់រដ្ឋាភិបាលថ្មីនៃសាធារណរដ្ឋឆេក ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីប្រជានិយម គឺលោក Andrej Babiš។ ក្រុមអ្នកតវ៉ាមកពីទូទាំងប្រទេស បានចូលរួមក្នុងការដង្ហែរក្បួនដោយសន្តិវិធីនៅសួន Letná ជាទីដែលធ្លាប់មានការជួបជុំដ៏ធំសម្បើមកាលពីឆ្នាំ១៩៨៩ ដែលបានរួមចំណែកយ៉ាងខ្លាំងដល់ការដួលរលំនៃរបបកុម្មុយនីស្តរបស់ប្រទេសនេះ។

ក្រុមបាតុករចេញតវ៉ាដើម្បីសម្តែងក្ដីបារម្ភរបស់ខ្លួនថា លោក Babiš និងគណៈរដ្ឋមន្ត្រីចម្រុះរបស់លោក គឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យ ដោយកំពុងដឹកនាំប្រទេសឆេក ឱ្យងាកចេញពីការគាំទ្រអ៊ុយក្រែន និងឆ្ពោះទៅរកផ្លូវផ្តាច់ការ។ មនុស្សម្នានៅក្នុងក្បួនតវ៉ា ដែលអ្នករៀបចំបានប៉ាន់ប្រមាណថាមានចំនួន ២សែននាក់នោះ បានគ្រវីទង់ជាតិឆេក ខណៈបដាមួយក្នុងចំណោមបដាដែលបានដាក់បង្ហាញក្នុងបាតុកម្ម បានសរសេរថា៖ «នាំគ្នាការពារប្រជាធិបតេយ្យ»។
លោក Babiš បានវិលទៅកាន់អំណាចវិញ បន្ទាប់ពីចលនា ANO ឬ YES របស់លោក បានឈ្នះឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោតកាលពីខែតុលាកន្លងទៅ និងបង្កើតក្រុមចម្រុះជាមួយក្រុមនយោបាយតូចៗចំនួនពីរផ្សេងទៀត។ ក្រុមចម្រុះថ្មីរបស់លោក មានទស្សនៈមួយចំនួនដែលត្រូវបានចាត់ទុកថាជ្រុលនិយម ហើយរដ្ឋាភិបាលថ្មីនេះបានចាប់ផ្តើមកំណត់និយមន័យសារជាថ្មីនូវគោលនយោបាយការបរទេស និងក្នុងស្រុករបស់សាធារណរដ្ឋឆេក។
អ្នករៀបចំការតវ៉ានិយាយថា ពួកគេសម្រេចចិត្តរៀបចំការជួបជុំនេះ បន្ទាប់ពីមានការសម្រេចចិត្តនាពេលថ្មីៗនេះដោយសភាជាន់ទាប ក្នុងការបដិសេធញត្តិដកអភ័យឯកសិទ្ធិពីការចោទប្រកាន់លើលោក Babiš ក្នុងករណីក្លែងបន្លំប្រាក់ចំនួន ២លានដុល្លារ ដែលពាក់ព័ន្ធនឹងប្រាក់ឧបត្ថម្ភរបស់សហភាពអឺរ៉ុប៕

