លោក Pirhossein Kolivand ប្រធានសមាគមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃសៅរ៍ (២១ មីនា) ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានវាយប្រហារកន្លែងស៊ីវិលជាង ៨០.០០០កន្លែង ចាប់តាំងពីការចាប់ផ្តើមនៃការ «ឈ្លានពាន» របស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់។
ក្នុងសុន្ទរកថាមួយទៅកាន់តំណាងប្រព័ន្ធផ្សព្វផ្សាយបរទេស លោកបានគូសបញ្ជាក់ពីការរំលោភច្បាប់មនុស្សធម៌អន្តរជាតិក្នុងអំឡុងពេលការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោក Kolivand បាននិយាយថា គោលដៅជាង ២០.០០០កន្លែង ដែលត្រូវបានវាយប្រហារ មានទីតាំងនៅក្នុងទីក្រុងតេអេរ៉ង់ និងជាង ៦០.០០០ គឺនៅក្នុងទីកន្លែងផ្សេងទៀត។

លោកបាននិយាយថា ទីតាំងពាណិជ្ជកម្មដែលត្រូវបានកំណត់គោលដៅក្នុងប្រទេសនេះ ឡើងជិតដល់ ១៩.០០០កន្លែង ដោយកត់សម្គាល់ថា មជ្ឈមណ្ឌលវេជ្ជសាស្ត្រចំនួន ២៦៦កន្លែង ត្រូវបានវាយប្រហារ និងសាលារៀន ៤៩៨កន្លែង ត្រូវបានកំណត់គោលដៅ។ លោក Kolivand បន្ថែមថា មនុស្សរាប់រយនាក់ រួមទាំងកុមារ និងស្ត្រីជាង ២៣០នាក់ ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម។
ទន្ទឹមនឹងនេះ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា មនុស្សជាង ១.៥០០ នាក់ត្រូវបានសម្លាប់នៅអ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាម។ នៅថ្ងៃទី២៨ ខែកុម្ភៈ អ៊ីស្រាអែល និងសហរដ្ឋអាមេរិក បានបើកការវាយប្រហាររួមគ្នាលើទីក្រុងតេអេរ៉ង់ និងទីក្រុងអ៊ីរ៉ង់មួយចំនួនទៀត។ អ៊ីរ៉ង់បានឆ្លើយតបវិញដោយការវាយប្រហារដោយមីស៊ីល និងយានដ្រូនជាច្រើនលើកច្រើនសា ដោយកំណត់គោលដៅមូលដ្ឋានទ័ព និងយុទ្ធោបករណ៍របស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នៅតំបន់មជ្ឈិមបូព៌ា៕
