នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្តេជ្ញានៅថ្ងៃអាទិត្យ (២២ មីនា) នេះថា ប្រទេសចិននឹងបន្តបើកចំហសេដ្ឋកិច្ចរបស់ខ្លួនបន្ថែមទៀត និងអនុវត្តឱ្យបានពេញលេញនូវការផ្តល់ប្រព្រឹត្តកម្មជាតិ សម្រាប់សហគ្រាសបរទេស ខណៈដែលប្រទេសនេះព្យាយាមផ្តល់ទំនុកចិត្តដល់ពិភពខាងក្រៅ ស្របពេលមានភាពតានតឹងពាណិជ្ជកម្មសកលកើនឡើង។

យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ លោក Li បានប្រាប់វេទិកាអភិវឌ្ឍន៍ចិន ក្នុងទីក្រុងប៉េកាំងថា ប្រទេសចិននឹងផ្តោតលើការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងបន្តបង្កើតបរិយាកាសអាជីវកម្មបែបអំណោយផល ដើម្បីឱ្យក្រុមហ៊ុនដែលទៅកាន់ប្រទេសចិន អាចអភិវឌ្ឍប្រកបដោយទំនុកចិត្ត និងទទួលបានជោគជ័យដ៏អស្ចារ្យ។
វេទិកាប្រចាំឆ្នាំរយៈពេលពីរថ្ងៃនេះ ដែលនឹងបញ្ចប់នៅថ្ងៃចន្ទ ទី២៣ ខែមីនា ដើរតួជាវេទិកាមួយសម្រាប់ទីក្រុងប៉េកាំង ក្នុងការផ្សព្វផ្សាយអំពីគន្លងសេដ្ឋកិច្ច និងឱកាសវិនិយោគរបស់ខ្លួន ដល់បណ្ដាថ្នាក់ដឹកនាំធុរកិច្ចបរទេស ក្រុមមន្ត្រីចិន សេដ្ឋវិទូ និងអ្នកសិក្សាស្រាវជ្រាវ។
ការជួបជុំគ្នានៅឆ្នាំ២០២៦នេះ កើតឡើងក្នុងខណៈពេលដែលប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោកមួយនេះ កំពុងប្រឈមមុខនឹងភាពតានតឹងកើនឡើងជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗ ជុំវិញបញ្ហាអតិរេកពាណិជ្ជកម្មក្នុងកម្រិតកំណត់ត្រាចំនួន ១,២ សែនកោដិដុល្លារ កាលពីឆ្នាំមុន។ ជំនួបនេះក៏បានកើតឡើងមុនដំណើរបំពេញទស្សនកិច្ចដែលរំពឹងទុករបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទៅកាន់ប្រទេសចិន ប៉ុន្តែក្រោយមក ដំណើរនេះក៏ត្រូវបានពន្យារពេលដោយសារតែសង្រ្គាមរវាងសហរដ្ឋអាមេរិក-អ៊ីស្រាអែល លើអ៊ីរ៉ង់៕

