ក្រសួងការបរទេសរុស្ស៊ី បានរាយការណ៍ បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ប្រមុខការទូតទាំងពីរថា រដ្ឋ មន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរ៉ូវ ( Sergey Lavrov ) និងសមភាគីអ៊ីរ៉ង់ លោក Abbas Araghchi បានឯកភាពគ្នាលើតម្រូវការបញ្ឈប់ «ការវាយប្រហារដោយខ្វះការពិចារណា» របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr និងកន្លែងថាមពល និងស៊ីវិលផ្សេងទៀតនៅក្នុងប្រទេសអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ភាគីទាំងពីរបានសង្កត់ធ្ងន់លើតម្រូវការបញ្ឈប់ការវាយប្រហារដែលបង្កហានិភ័យធ្ងន់ធ្ងរនិងខុសច្បាប់ជាបន្ទាន់លើកន្លែងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ឧស្សាហកម្ម និងថាមពល រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ដែលស្ថិតនៅក្រោមការការពាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)»។ ក្រសួងបានកត់សម្គាល់ថា ការសន្ទនា «បានសង្កត់ធ្ងន់លើភាពមិនអាចទទួលយកបាននូវការបង្កើតការគំរាមកំហែងដល់អាយុជីវិត និងសុខភាព» របស់បុគ្គលិករោងចក្រ និង «ហានិភ័យនៃគ្រោះមហន្តរាយវិទ្យុសកម្មសម្រាប់តំបន់ទាំងមូល»។

យោងតាមក្រសួង ក្នុងអំឡុងពេលការសន្ទនានោះ ភាគីរុស្ស៊ីបានសម្តែងក្តីសង្ឃឹមចំពោះភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយរដ្ឋមួយចំនួន ដើម្បីបន្ធូរបន្ថយភាពតានតឹងជុំវិញអ៊ីរ៉ង់ «ក្នុងផលប្រយោជន៍នៃការធ្វើឲ្យស្ថានភាពមានប្រក្រតីភាពវិញរយៈពេលវែង និងប្រកបដោយចីរភាព នៅមជ្ឈិមបូព៌ា ដែលនឹងត្រូវបានសម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបោះបង់ចោលភាសានៃការដាក់ឱសានវាទ និងបញ្ជូនស្ថានភាពត្រឡប់ទៅតុចរចាវិញ»។
លើសពីនេះ លោក ឡាវរ៉ូវ និងលោក Araghchi បានសង្កត់ធ្ងន់លើតម្រូវការក្នុងការទប់ស្កាត់ជំហាននានា រួមទាំងនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែល «អាចធ្វើឲ្យប៉ះពាល់ឱកាសដែលនៅសល់សម្រាប់ការជំរុញកិច្ចខិតខំប្រឹងប្រែងផ្នែកនយោបាយ និងការទូត ដើម្បីដោះស្រាយវិបត្តិ»៕