ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី ៨ ខែមេសា ២០២៦ម្សិលម៉ិញនេះ បាននាំយកក្រមា សារ អំបុក នំខ្ញី ក៏ដូចជាជំនួយនានាពីប្រជាពលរដ្ឋជួរក្រោយជូនដល់វីរកងទ័ពជួរមុខ។ ការនាំយកទៅកាលពីម្សិលម៉ិញនេះ បានប្រគល់ជូនវីរកងទ័ពជួរមុខ ដែលឈរជើងការពារបូរណភាពទឹកដី នៅខេត្តព្រះវិហារ។

ឈរលើពាក្យស្លោក “ ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា”ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា បាននាំយកនូវក្រមា នាំយកសាររបស់ពលរដ្ឋ អំបុក នំខ្ញី ក៏ដូចជា ជំនួយជាស្បៀង ជាសម្ភារប្រើប្រាស់ជាច្រើនបន្ថែមទៀត ដែលចេញពីការដឹងគុណរបស់ប្រជាពលរដ្ឋជួរក្រោយ ជូនដល់វីរកងទ័ពជួរមុខឈរជើងការពារបូរណភាពទឹកដី នៅខេត្តព្រះវិហារ។

ឯកឧត្តម សុខ សប្បាយណា សមាជិកគណៈអចិន្ត្រៃយ៍ ស.ស.យ.ក បានលើកឡើងនូវក្ដីរំភើប ដែលបានមកឈរនៅពីមុខវីរកងទ័ព ហើយបាននាំមកនូវ ការសាកសួរសុទុក្ខ ការផ្ដាំផ្ញើក្ដីរលឹក ការដឹងគុណ ពីក្រុមការងារ ស.ស.យ.ក ក៏ដូចជាពីប្រជាពលរដ្ឋជួរក្រោយទាំងអស់ ជូនដល់វីរកងទ័ព មុនឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ កាន់តែខិតចូលមកដល់។

ក្រមា និងសារ ក៏បានប្រគល់ជូនដល់ដៃ វីរកងទ័ពដោយផ្ទាល់។ ចាប់កាន់ ចាប់ផ្ដើមអាន អានដោយក្ដីរំភើប ពោពេញដោយភាពកក់ក្ដៅ និងបង្ហាញស្នាមញញឹម ចំពោះពាក្យពេចន៍របស់ប្រជាពលរដ្ឋដែលបានសរសេរជូន។
ឯកឧត្តមក៏បានបានលើកឡើងថា ប្រជាពលរដ្ឋជួរក្រោយក៏ដូចជាក្រុមការងារ ស.ស.យ.ក ពុំដែលភ្លេចគុណបំណាច់វីរកងទ័ព ឬភ្លេចប្រជាពលរដ្ឋភៀសសឹកនោះទេ។ ឯកឧត្តមលើកឡើងដែរថា កន្លងមកនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញនាំយកកម្មវិធីសង្ក្រាន្តជំរំភៀសសឹក និងការសាកសួរសុខទុក្ខ និងពិសារអាហារសាមគ្គីជាមួយប្រជាពលរដ្ឋភៀសសឹក ១២ជំរុំរួចមកហើយ។

ក្រៅពីប្រគល់ សារ ក្រមា អំបុក នំខ្ញី និងជំនួយផ្សេងៗទៀតជូនវីរកងទ័ពនាពេលនេះ ឯកឧត្តម សុខ សប្បាយណា ក៏បានជម្រាបជូនវីរកងទ័ពដែរថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ក៏ជាការរៀបចំផ្សារភ្ជាប់ប្រជាពលរដ្ឋជួរក្រោយទៅនឹងជួរមុខផងដែរ។ ឯកឧត្តម បញ្ជាក់ថាគ្រប់ទីកន្លែងនៃព្រឹត្តិការណ៍នគរសង្ក្រាន្តនឹងមានការដាក់នូវពាក្យស្លោក “ ស្មារតីនៅជាមួយជាតិ កងកម្លាំង និងជនភៀសសឹក គ្រប់វេលា”។ ក្រុមការងារងារក៏ដូចជាប្រជាពលរដ្ឋក៏នឹងមានការរៀបចំ ការធ្វើនំអន្សម អំបុក នំខ្ញី សម្រាប់ផ្ញើមកជួរមុខបន្ថែមទៀត នាឱកាសចូលឆ្នាំខ្មែរ។ លើសពីនេះ រាល់ថវិកាដែលក្រុមការងារ ស.ស.យ.ក ទទួលបានពីការលក់វត្ថុអនុស្សាវរីយ៍ នឹងប្រគល់ជូនអ្នកនៅជួរមុខទាំងអស់៕ អត្ថបទ៖ គឹម ហុក













