កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី នៅក្នុងខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធ CamDX រួមបញ្ជូលការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជី ពន្ធដារ ការត្រួតពិនិត្យ និងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស មានចំនួនជាង ១ ពាន់ក្រុមហ៊ុន/សហគ្រាស ដោយមាន ទុនវិនិយោគសរុប ២៩៤ លានដុល្លារអាមេរិក។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ហៅកាត់ថា CamDX ជាថ្នាល បច្ចេកវិទ្យាឌីជីថលមួយ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ កម្ពុជាទទួលបានការចុះបញ្ជីតាម CamDX រួមមាន៖ ការចុះបញ្ជីពាណិជ្ជកម្ម, ការចុះបញ្ជីពន្ធដារ, ការត្រួតពិនិត្យ និងទទួលសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស ដែលបានអនុម័ត មានចំនួនសរុប ១.០៤៩ ក្រុមហ៊ុន/សហគ្រាស បើធៀបនិងខែ កុម្ភៈ បានកើនឡើង ៦ ភាគរយ មានទុនវិនិយោគសរុប ១,២ ទ្រីលានរៀល ត្រូវប្រមាណ ២៩៤ លានដុល្លារអាមេរិក ក្នុងនោះ អាជីវកម្មជាស្រ្តីមានចំនួន ៣៥៥ ក្រុមហ៊ុន/សហគ្រាស។
ជុំវិញការចុះបញ្ជីតាម CamDX នេះ បើគិតពីការដាក់ឱ្យដំណើរការ រហូតមកដល់បំណាច់ខែមីនា ឆ្នាំ២០២៦ នេះ, CamDX ទទួលចុះបញ្ជីមានចំនួនសរុបជាង ៥៦ ពាន់ក្រុមហ៊ុន/សហគ្រាស ដែលមានដើមទុនវិនិយោគប្រមាណជាង ៩២ ទ្រីលានរៀល ត្រូវ ប្រមាណជាង ២២,៥ ប៊ីលានដុល្លារអាមេរិក។
ចំពោះក្រុមហ៊ុននិងសហគ្រាស ដែលទទួលបានចុះបញ្ជីច្រើនជាងគេក្នុងខែមីនានេះរួមមាន៖ សកម្មភាពសេវាភោជនីយ ដ្ឋាន និងសេវាផ្គត់ផ្គង់សេវាចល័តមានចំនួនជាង ៥ ពាន់សហគ្រាស, ការលក់ដុំឯកទេសផ្សេងៗជិត ៤ ពាន់សហគ្រាស, ការលក់ដុំទំនិញ សម្រាប់ការប្រើប្រាស់ក្នុងផ្ទះជាង ២,៦ ពាន់សហគ្រាស, ការសាងសង់អគារជាង ២,២ ពាន់ក្រុមហ៊ុន, ការលក់រាយទំនិញ ផ្សេងៗនៅ ក្នុងហាងឯកទេសជាង ២,២ ពាន់សហគ្រាស និងអាជីវកម្មផ្សេងៗមានចំនួនជាង ៤១ ក្រុមហ៊ុន/សហគ្រាស៕ អត្ថបទ៖ សុន រ៉ាឌី


