សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង៤,៥%ក្នុងឆ្នាំ២០២៦ ប្រសិនបើការរំខានដល់ទីផ្សារទំនិញសកល ដែលបង្កឡើងដោយជម្លោះនៅមជ្ឈិមបូព៌ា មិនត្រូវបានអូសបន្លាយយូរ។ នេះបើយោងតាមបាយការណ៍សេដ្ឋកិច្ចពិសេសរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងអំបីវិស័យកម្មន្តសាល នឹងនៅតែជាក្បាលម៉ាស៊ីនកំណើនសំខាន់របស់សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០២៦ ខណៈដែលទិន្នផលឧស្សាហកម្ម ត្រូវបានរំពឹងថា នឹងកើនឡើង៧,៣% ដោយសារការបញ្ជាទិញសម្លៀកបំពាក់ច្រើនគួរសម និងកំណើន នៃការរួមចំណែកពីវិស័យកម្មន្តសាលក្រៅពីវាយនភ័ណ្ឌ ដែលរួមមានគ្រឿងបង្គំអគ្គិសនី សំបកកង់ និងគ្រឿងសង្ហារឹម។ ក្រៅពីនេះ កំណើនមធ្យម នៃវិស័យកសិកម្មនឹងបន្តទទួលបាន០,៩%។ រីឯវិស័យសេវាកម្មត្រូវបានព្យាករថា នឹងធ្លាក់ចុះពី ៣,៤% ក្នុងឆ្នាំ២០២៥ មកនៅត្រឹម ២.៣% ក្នុងឆ្នាំ២០២៦ ដោយសារផលប៉ះពាល់នៃការបិទព្រំដែនជាមួយប្រទេសថៃ។

ចំពោះអតិផរណា ត្រូវបានព្យាករថា នឹងកើនឡើងដល់២,៨% ជាមធ្យម នៅឆ្នាំ២០២៦ ប្រសិនបើការកើនឡើងនៃថ្លៃទំនិញសកល ដោយសារជម្លោះនៅមជ្ឈិមបូព៌ា មិនអូសបន្លាយដល់រាប់ខែ។ ការប៉ះទង្គិចតម្លៃប្រេងឥន្ធនៈដែលអូសបន្លាយពេលយូរ អាចបង្កើនថ្លៃដើមនាំចូល និងជះឥទ្ធិពលអវិជ្ជមានដល់វិស័យកសិកម្ម ផលិតកម្ម និងទេសចរណ៍។
លោកស្រី Yasmin Siddiqi (យ៉ាសម៉ីន ស៊ីឌីគិ) នាយិកាធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបន្តបង្ហាញភាពធន់នឹងសម្ពាធពីខាងក្រៅ។ វិស័យកម្មន្តសាលនៅតែរឹងមាំ ហើយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលកំពុងបន្តដើម្បីជំរុញវិស័យទេសចរណ៍ នឹងជួយរក្សាសន្ទុះសេដ្ឋកិច្ច ទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ។

គួររម្លឹកដែរថា កាលពីឆ្នាំ២០២៥ ធនាគារអភិវឌ្ឍន៍អាស៊ី បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ៥,២ភាគរយ តែនៅឆ្នាំ២០២៦ ព្យាករកំណើនសេដ្ឋកិច្ចមកត្រឹមតែ៤,៥ភាគរយ ពោលគឺធ្លាក់ចុះ០.៧ភាគរយ។ ការធ្លាក់ចុះនេះ ដោយសារជម្លោះព្រំដែនរវាងប្រទេសកម្ពុជា-ថៃ និងវិបត្តិជាសកល ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា និងតាមបណ្តាប្រទេសមួយចំនួនទៀត៕ អត្ថបទ៖ ទូច សោភ័ណ





