ភ្នំពេញ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានសារដល់ជនរួមជាតិថា ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត ដែលតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ត្រូវគង់ប្រថាប់នៅមន្ទីរពេទ្យបន្តទៀត ហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ។
យោងតាមព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានឱ្យដឹងថា តាមការពិនិត្យដោយយកចិត្តទុកដាក់ល្អិតល្អន់ ជាទីបំផុតពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថាបច្ចុប្បន្ននេះ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គមានព្រះរោគមហារីកនៅក្រពេញប្រូស្តាត (Prostate Cancer)។
តាមវេជ្ជបញ្ជា របស់ក្រុមគ្រូពេទ្យ ព្រះករុណាព្រះមហាក្សត្រនៃយើង ត្រូវគង់ប្រថាប់បន្តទៀតហើយពុំទាន់អាចយាងនិវត្តន៍ទៅកាន់មាតុប្រទេសនៅពេលនេះបានទេ។ ក្រុមគ្រូពេទ្យតម្រូវឱ្យ ព្រះករុណាព្រះមហាក្សត្រ ចូលគង់ប្រថាប់ក្នុងមន្ទីរពេទ្យដើម្បីព្យាបាលតាមវេជ្ជបញ្ជានឹងថែរក្សាព្រះរាជសុខភាព មួយរយៈពេលពីមួយខែទៅពីរខែបន្តទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០នេះ ព្រះករុណាព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត បានផ្ញើសេចក្តីនឹករលឹកជាពន់ពេក និងសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណបារមី វត្ថុស័ក្តិសិទ្ធិនានាក្នុងលោក និងទេវតាឆ្នាំថ្មី ប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ថ្វាយសម្តេច ព្រះមហាសង្ឃរាជទាំងពីរគណៈ ប្រគេនព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្វាយ និងជូន សម្តេច ព្រះញាតិវង្សានុវង្ស និងជូនបងប្អូនជនរួមជាតិទាំងអស់ សូមបានប្រកបនូវសេចក្តីសុខ សេចក្តីចម្រើន និងព្រះពុទ្ធពរគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕

