តាមភូមិឋាននានាបានរៀបចំតុបតែងលម្អ រំលេចដោយពណ៌ស្រស់ឆើតឆាយ និងមានជាការចងគោមផ្កាយ និងទង់ជាតិផងដែរ ដើម្បីបង្កើតភាពស្រស់ស្អាតសម្រាប់ភូមិ ក៏ដូចជាទទួលស្វាគមន៍ទេវតាឆ្នាំថ្មី នាំមកក្ដីសុខសប្បាយរីករាយសម្រាប់ឆ្នាំថ្មី។
ឈានជិតចូលមកដល់នៃឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋតាមភូមិឋាននានា បានរៀបចំតុបតែងលម្អផ្ទះសម្បែង និងតាមដងផ្លូវក្នុងភូមិឋានរបស់ខ្លួនយ៉ាងស្រស់ស្អាត។ សម្រាប់ប្រជាពលរដ្ឋនៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ នៅឆ្នាំនេះក៏ដូចជារៀងរាល់ឆ្នាំកន្លងទៅដែរ គឺអ្នកភូមិតែងរៀបចំលម្អផ្ទះសម្បែងរបស់ខ្លួន និងសហការគ្នា រៀបចំតុបតែងលម្អតាមដងផ្លូវ។ ចូលមកដល់ភូមិឋានមួយនេះ គឺនឹងឃើញមានការចងខ្សែពណ៌ចម្រុះខ្វាត់ខ្វែងនៅពីមុខផ្ទះ នៅពីលើដងផ្លូវ និងភ្ជាប់ជាមួយផ្ទាំងអក្សរ អបអរសាទរឆ្នាំថ្មី។
នៅតាមដងផ្លូវដដែល ក៏មានការចងទង់ជាតិកម្ពុជា មានក្រមា ការដាក់ភ្លើងអំពូលលម្អនៅពេលយប់ គោមផ្កាយ និងមានការរៀបចំជាទីតាំងសម្រាប់ល្បែងប្រជាប្រិយខ្មែរ ដែលឃើញថាបានចងក្អមមួយចំនួនរួចមកហើយផងដែរ។ សម្រាប់អ្នកភូមិរស់នៅទីនេះ លើកឡើងពីភាពសប្បាយចិត្តដែលពលរដ្ឋក្នុងភូមិនៅតែរក្សាបាន ការសហការគ្នា និងរក្សាបានការតុបតែងភូមិឋានយ៉ាងស្រស់សោភា រៀងរាល់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរម្ដងៗ។ ពួកគាត់ជាអ្នករស់នៅទីនេះផ្ទាល់ ក៏មានអារម្មណ៍ស្រស់ស្រាយចំពោះសោភ័ណ្ឌភាពភូមិ និងសូមជម្រាបទៅពលរដ្ឋដទៃ អាចចូលមកលេងកម្សាន្តនៅឱកាសចូលឆ្នាំខ្មែរខាងមុខផងដែរ។
ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ជាឱកាសឈប់សម្រាក ដែលប្រជាពលរដ្ឋភាគច្រើន ចាកចេញទៅតាមស្រុកកំណើតរៀងខ្លួន ដើម្បីជួបជុំ ធ្វើបុណ្យរួមគ្នាជាមួយក្រុមគ្រួសារ។ តាមបណ្ដាខេត្តនៅក្នុងឆ្នាំនេះ ក៏នឹងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តដើម្បីផ្ដល់ភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។ នៅរាជធានីភ្នំពេញវិញ គឺនឹងរៀបចំព្រឹត្តិការណ៍ នគរសង្ក្រាន្ត រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២៦ខាងមុខនេះ៕ អត្ថបទ៖គឹម ហុក









