នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានធ្វើការបង្ហាញមុខជនសង្ស័យ ៣៥នាក់ជាសាធរណៈ ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា ក្រោយបង្ក្រាបរយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦។
នគរបាលរាជធានីភ្នំពេញ ប្រាប់បញ្ជាក់ឲ្យដឹងថា ក្រោមការណែនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ប៊ុនសត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និង លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាល ៥ ខណ្ឌ រយៈពេល ៥ ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័ យ ៣៥នាក់ (ស្រី ០២នាក់ ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា ក្នុងនោះអ្នកមានសារធាតុញៀន ០៩នាក់ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា ទាំង១០ករណីដែលត្រូវសមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយអធិការដ្ឋាន ៥ ខណ្ឌបង្ក្រាប រួមមាន ឃាតកម្ម ១ករណី ឃាត់ ២នាក់(ស្រី) ប្រើកាំបិតចាក់សម្លាប់យាយ អាយុ ៦៤ឆ្នាំ , ប៉ុនប៉ងឃាតកម្ម ២ករណី ឃាត់ ២នាក់ , លួច ៥ករណី ឃាត់៧នាក់ , ហឹង្សាដោយចេតនា ២ករណីឃាត់ ២៤នាក់ ក្រុមក្មេងទំនើងមានក្រុមធីម តូបចែ (T J) ក្រុមធីម កាបស្លុយ (K S) ។ ចំណែកទាំង ៥ ខណ្ឌ គឺ ខណ្ឌច្បារអំពៅ , ខណ្ឌមានជ័យ , ខណ្ឌដង្កោ , ខណ្ឌចំការមន , និង ខណ្ឌពោធិសែនជ័យ ។
ជនសង្ស័យទាំងអស់រួមទាំងវត្ថុតាងពាក់ព័ន្ធ សមត្ថកិច្ចជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ កំពុងបន្តនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសតាមច្បាប់ ។
ជាមួយគ្នានេះលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្នើប្រជាពលរដ្ឋ បើដឹងថាទីណា កន្លែងណា មានកើតបទល្មើសគ្រប់ប្រភេទ ជាពិសេស បញ្ហាក្រុមក្មេងទំនើង សូមរាយការណ៍តាមរយះទូរស័ព្ទលេខ 012 999999 ជាបន្ទាន់ ដើម្បីសមត្ថកិច្ចមានវិធានការទាន់ពេលវេលា៕ តារាវុទ្ធី
