កន្រ្តកចម្រុះពណ៌រាប់រយពេញដោយត្រីក្លាសេទឹកកក ត្រូវបានលើកចេញពីទូកមកដាក់នៅលើរានកំពង់ផែ Juwana ខណៈកម្មករនាំគ្នាអូសកន្រ្តកត្រីចុះតាមជណ្តើរដែក ។
ទូកជាច្រើនគ្រឿង ដែលបានចំណាយពេល ៨-៩ខែនៅក្នុងដែនសមុទ្រភាគខាងកើតប្រទេសឥណ្ឌូនេស៊ី រួមទាំងដែនទឹកជិតខេត្តប៉ាពួ បាននាំត្រីម៉ាកែល និងត្រីធូណា ចេញពីសមុទ្រ សម្រាប់ទីផ្សារនៅប្រទេសថៃ ចិន និងជប៉ុន ។
ប៉ុន្តែនៅពីក្រោយសកម្មភាពដ៏មមាញឹកនៅក្នុងកំពង់ផែ ប្រេងម៉ាស៊ូតឡើងថ្លៃ កំពុងគំរាមកំហែងបញ្ឈប់ការងារនេសាទរបស់ពួកគេ ។ ប្រេងម៉ាស៊ូត បានហក់ឡើងខ្ពស់យ៉ាងឆាប់រហ័ស ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ។
លោក Akhiq Falih Al Arif ដែលជាម្ចាស់ទូកជាច្រើនគ្រឿង និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ប្រេងឡើងថ្លៃ បានកើតឡើងប្រហែល ៣ដង ។ ដំបូងក្រោយពិធីបុណ្យ Eid ពេលដែលវាឡើងថ្លៃដល់ ០,៨០ដុល្លារ ក្នុង ១លីត្រ បន្ទាប់មកប្រេងម៉ាស៊ូតឡើងដល់ ១ដុល្លារ ក្នុង ១លីត្រ ហើយបច្ចុប្បន្នឡើងថ្លៃពី ១,៥០ដុល្លារ ដល់ ១,៧០ដុល្លារ ក្នុង ១លីត្រ ។

ផលប៉ះពាល់កំពុងរីករាលដាលពាសពេញកំពង់ផែ Juwana ដែលស្ថិតនៅក្នុងចំណោមមជ្ឈមណ្ឌលនេសាទដ៏មមាញឹកបំផុតរបស់ខេត្តជ្វាកណ្តាល ។
លោក Eko Budiono គឺជាប្រធានសមាគមប្រជានេសាទ Pati និយាយថា ផលប៉ះពាល់គឺថា ក្រុមប្រជានេសាទមិនអាចចេញទៅនេសាទត្រីក្នុងសមុទ្របានទេ ។
លោកបន្តថា នៅក្នុងចំណោមទូក ១.៦៨០គ្រឿង នៅកំពង់ផែ Juwana មានតែទូក ៧៩គ្រឿងប៉ុណ្ណោះដែលចេញទៅនេសាទត្រីក្នុងខែមីនា និងទូកប្រហែល ៤២៥គ្រឿង បានចេញទៅនេសាទត្រីក្នុងខែមេសា ៕
