ប្រធានាធិបតីចិន លោក Xi Jinping បានប្រាប់សមភាគីអាមេរិករបស់លោក គឺលោក Donald Trump នៅថ្ងៃព្រហស្បតិ៍ ១៤ឧសភា នេះ ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង គួរតែជា «ដៃគូ មិនមែនជាគូប្រជែង»ឡើយ ខណៈមេដឹកនាំទាំងពីរ បានជួបគ្នានៅក្នុងរដ្ឋធានីចិន។

លោក Xi បានថ្លែងនៅក្នុងសុន្ទរកថាបើកនៅមហាសាលប្រជាជន ដែលជាអគាររដ្ឋរបស់ប្រទេសចិន ថា ទាំងប្រទេសចិន ទាំងសហរដ្ឋអាមេរិក ត្រូវឈរជាមួយគ្នាដើម្បីទទួលបានផលប្រយោជន៍ពីកិច្ចសហប្រតិបត្តិការ និងបោះបង់ចោលការប្រឈមដាក់គ្នា ដោយលោកបានបន្ថែមថា កិច្ចប្រជុំនេះបានទាក់ទាញចំណាប់អារម្មណ៍ទូទាំងពិភពលោក។
លោកថា ប្រទេសទាំងពីរគួរតែជួយគ្នាទៅវិញទៅមកឱ្យទទួលបានជោគជ័យ រីកចម្រើនជាមួយគ្នា និងស្វែងរកមធ្យោបាយត្រឹមត្រូវសម្រាប់ប្រទេសធំៗដើម្បីរួមរស់ជាមួយគ្នាក្នុងយុគសម័យថ្មី។

លោក Xi បានលើកឡើងថា លោក «តែងតែជឿ» ថាប្រទេសទាំងពីរមាន «ផលប្រយោជន៍រួមច្រើនជាងការខ្វែងគំនិតគ្នា» ដោយបន្ថែមថា ភាពជោគជ័យរបស់ប្រទេសមួយតំណាងឱ្យ «ឱកាសសម្រាប់ប្រទេសមួយទៀត» ហើយថា ចំណងមិត្តភាពទ្វេភាគីដែលមានស្ថិរភាពគឺមានប្រយោជន៍សម្រាប់ពិភពលោក។

លោកបានបន្តទៀតថា លោកទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតលើបញ្ហាសំខាន់ៗសម្រាប់ប្រទេសទាំងពីរ និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ ព្រមទាំងការធ្វើការជាមួយលោក Trump «ដើម្បីកំណត់មាគ៌ា និងដឹកនាំនាវាដ៏ធំនៃទំនាក់ទំនងចិន-អាមេរិក» ដោយមានគោលបំណងធ្វើឱ្យឆ្នាំ២០២៦នេះ ក្លាយជា «ឆ្នាំប្រវត្តិសាស្ត្រដ៏សំខាន់» ដែលបើក «ជំពូកថ្មី» ក្នុងទំនាក់ទំនងទ្វេភាគី៕