ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាជ្ញាធរ ពលរដ្ឋ យុវជន និងកីឡាករជាង២ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំង២០០០នាក់ យ៉ាងរីករាយបរិវេណស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដើម្បីអបអរសាទរថ្ងៃសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣០ ឧសភា ខាងមុខនេះ។

អាជ្ញាធរខេត្តកោះកុង មន្រ្តីរាជការ ប្រជាពលរដ្ឋ និងយុវជនជាង២០០០នាក់ ជួបជុំគ្នានៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ដើម្បីចូលរួមរត់ និងដើរកម្សាន្តរយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង នៅស្ថិតបឹងឃុងឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។
ថ្លែងបើកព្រឹត្តការណ៍រត់ប្រណាំង លោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង ដឹងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ថា ការរត់ ឬដើរ មានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ បើសិនជាអ្នក អាចធ្វើវាជាប្រចាំបាន។ វាជួយរំលាយជាតិខ្លាញ់សម្រក ទម្ងន់ ការពង្រឹងដល់សុខភាពបេះដូងសរសៃឈាម បញ្ចុះ សម្ពាធឈាម ការពង្រឹងដល់មុខងារប្រព័ន្ធ ភាពស៊ាំ និងសន្លាក់ ព្រមទាំងធ្វើឱ្យឆ្អឹងកាន់តែរឹងមាំល្អ។
លោកជំទាវអភិបាលខេត្ត បន្តថា វត្តមានអ្នករត់ប្រណាំងមិនមែនតែថ្នាក់ដឹកនាំ អាជ្ញាធរមន្រ្តីរាជការ ពលរដ្ឋ និងយុវជនខេត្តកោះកុងប៉ុណ្ណោះ ពោលគឺមានតំណាងអាជ្ញាធរមន្រ្តីរាជការមកពីខេត្តកែប កំពត កំពង់ស្ពឺ និងខេត្តព្រះសីហុន។ ទន្ទឹមនោះលោកជំទាវ ក៏ជំរុញដល់មន្រ្តីរាជការ អាជ្ញាធរ ប្រជាពលរដ្ឋ និងយុវជន បន្តចូលរួមធ្វើលំហាត់ប្រាណអោយច្រើនប្រចាំថ្ងៃ ដើម្បីសុខភាពមាំមួន ចៀសឆ្ងាយពីជំងឺផ្សេងៗ និងចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមអោយកាន់តែរីកចម្រើនបន្ថែមទៀត។
ចំណែកកីឡាករដែលមកចូលររួមរត់ប្រណាំងនៅពេលនេះ បានសម្តែងក្តីរីករាយពេលបានចូលរួមសកម្មភាពអបអរសាទរពិធីសម្ពោធស្តូបនយោបាយឈ្នះឈ្នះនាពេលដ៏ខ្លីខាងមុខនេះ។ កីឡាករ ចាត់ទុកថា ប្រទេសមានសន្តិភាពដោយសារតែការលះបង់ដ៏ខ្ពង់ខ្ពស់របស់ឥស្សរជនជំនាន់មុន ទើបកម្ពុជាឈានដល់មានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសន្តិសុខសណ្តាប់ធ្នាប់។
គួរជម្រាបថា ព្រឹត្តិការណ៍រត់ប្រណាំងនេះ មិនត្រឹមតែជាការចូលរួម អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រថ្មីរបស់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីសាមគ្គីភាពយ៉ាងរឹងមាំ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះតម្លៃនៃសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋមានឱកាសជួបជុំគ្នាយ៉ាងសប្បាយរីករាយ និងរួមចំណែកលើកកម្ពស់សុខភាពមហាជនផងដែរ៕ អត្តបទ ឈឹម មករា








