កីឡាករប្រដាល់ទម្ងន់ធ្ងន់ជើងឯកពិភពលោកមិនដែលចាញ់ Oleksandr Usyk របស់អ៊ុយក្រែន បានយកឈ្នះលើអតីតជើងឯកឃីកបុកស៊ីងហូឡង់ Rico Verhoeven នៅទឹកទី១១ នៃការប្រកួតដណ្តើមខ្សែក្រវាត់ WBC កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា នៅក្បែរពីរ៉ាមីតប្រទេសអេហ្ស៊ីប។
ការប្រកួត “Glory in Giza” ត្រូវបានគេចាត់ទុកថាជាការប្រកួតដែលមានគម្លាតសមត្ថភាពខ្លាំង ប៉ុន្តែ Verhoeven ដែលធ្លាប់ប្រកួតប្រដាល់អាជីពតែម្តងគត់កាលពី ១២ ឆ្នាំមុន បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ដោយបង្ហាញទម្រង់ប្រកួតយ៉ាងអស្ចារ្យតាំងពីសំឡេងកណ្តឹងចាប់ផ្តើម ហើយមានពិន្ទុខ្លះបង្ហាញថា គេនាំមុខ Usyk ទៀតផង។
Usyk វ័យ ៣៩ ឆ្នាំ ហាក់បង្ហាញភាពយឺតយ៉ាវ និងអស់កម្លាំងនៅពេលខ្លះ។ មុនចូលដល់ទឹកទី១១ កីឡាករអ៊ុយក្រែនរូបនេះ ត្រូវការវាយបកឲ្យបានច្បាស់ ដើម្បីធានាជ័យជម្នះដែលមនុស្សភាគច្រើនរំពឹងទុកជាមុន។
នៅចុងទឹកទី១១ Usyk បានវាយមួយដៃស្តាំចំ Rico Verhoeven ឲ្យដួលទៅលើសង្វៀន។ ទោះបីកីឡាករហូឡង់អាចក្រោកឡើងវិញមុនរាប់ដល់ ១០ ក៏ដោយ អាជ្ញាកណ្តាលបានសម្រេចបញ្ឈប់ការប្រកួត ដើម្បីការពារកុំឲ្យមានគ្រោះថ្នាក់បន្ថែម។
Verhoeven ប្រកួតដើម្បីដណ្តើមខ្សែក្រវាត់ WBC ប៉ុណ្ណោះ ខណៈ Usyk ក៏បានដាក់ខ្សែក្រវាត់ WBA និង IBF របស់ខ្លួនក្នុងការប្រកួតនេះផងដែរ។ ប្រសិនបើគេចាញ់ ខ្សែក្រវាត់ទាំងនោះនឹងត្រូវប្រកាសទំនេរ។
ជ័យជម្នះនេះ បានធ្វើឲ្យ Usyk បន្តកំណត់ត្រាមិនដែលចាញ់របស់ខ្លួនដល់ ២៥ ប្រកួតជាប់គ្នា។
អ្នកវិភាគជាច្រើនបានរំពឹងថា Usyk នឹងបញ្ចប់ការប្រកួតត្រឹមពាក់កណ្តាលផ្លូវ ឬសូម្បីតែលឿនជាងនេះ ប៉ុន្តែ Verhoeven បានធ្វើឲ្យការប្រកួតក្លាយជាសមរភូមិដ៏លំបាកបំផុតមួយសម្រាប់ម្ចាស់ជើងឯកអ៊ុយក្រែន។
ទោះយ៉ាងណា ការប្រកួតនេះ ត្រូវបានចាត់ទុកថាជាការប្រកួតដ៏តានតឹង និងលំបាកបំផុតមួយក្នុងអាជីពរបស់ Usyk ខណៈ Verhoeven បានបង្ហាញភាពរឹងមាំ និងមិនងាយចុះចាញ់ឡើយ៕ អត្ថបទ៖នាង សុភាវុធ


