នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យ (ទី២៤ ខែឧសភា ឆ្នាំ២០២៦) រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានចោទប្រកាន់ក្រុមហេសបូឡាថា កំពុងព្យាយាមធ្វើឲ្យប្រទេសលីបង់ «ធ្លាក់ចូលទៅក្នុងភាពវឹកវរ»។

លោក Rubio បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា «ការអំពាវនាវដោយមិនប្រុងប្រយ័ត្នរបស់ក្រុមហេសបូឡា ដែលចង់ឲ្យផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសលីបង់» ហើយបានបញ្ជាក់ថា ក្រុមប្រដាប់អាវុធគាំទ្រអ៊ីរ៉ង់មួយនេះ «បាន និងកំពុងព្យាយាមយ៉ាងសកម្ម ក្នុងការទាញលីបង់ឲ្យធ្លាក់ចូលទៅក្នុងភាពវឹកវរ និងការបំផ្លិចបំផ្លាញ»។

មេដឹកនាំក្រុមហេសបូឡា លោក Naim Qassem បាននិយាយមុននេះថា «ប្រជាជនមានសិទ្ធិចេញតវ៉ាតាមដងផ្លូវ និងផ្តួលរំលំរដ្ឋាភិបាល» ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីស្រាអែល និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើស្ថាប័នហិរញ្ញវត្ថុ Al-Qard Al-Hassan។
រដ្ឋាភិបាលលីបង់បានស្ថិតនៅក្រោមសម្ពាធរបស់សហរដ្ឋអាមេរិកឲ្យចាត់វិធានការ លើក្រុមហ៊ុននេះ ខណៈដែលទីក្រុងវ៉ាស៊ីនតោន កំពុងបង្កើនសម្ពាធលើក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។
លោក Rubio បាននិយាយថា៖ «ការគំរាមកំហែងមានអំពើហិង្សា និងចលនាផ្តួលរំលំដោយក្រុមហេសបូឡា នឹងមិនត្រូវបណ្ដោយឲ្យទទួលបានជោគជ័យជាដាច់ខាត។ សម័យកាលដែលក្រុមភេរវករ យកប្រទេសទាំងមូលធ្វើជាចំណាប់ខ្មាំង កំពុងឈានដល់ទីបញ្ចប់ហើយ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងចរចាកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា ដោយរបាយការណ៍មួយនៅក្នុង Axios បានបង្ហាញថា សេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា រវាងភាគីទាំង២ មានភាសាដែល «បញ្ជាក់យ៉ាងច្បាស់ថា សង្គ្រាម រវាងអ៊ីស្រាអែល និងហេសបូឡានៅលីបង់ នឹងត្រូវបញ្ចប់»៕

