នៅក្នុងខែឧសភា ឆ្នាំ២០២៦, កម្ពុជាទទួលបានការចុះបញ្ជីវិនិយោគលើវិស័យធំៗចំនួន៥ ដែលមានដើមទុនវិនិយោគច្រើនជាងគេ គិតជាទឹកប្រាក់សរុបប្រមាណជា ៣៨៧ លានដុល្លារអាម៉េរិក ដែលវិស័យទាំងនេះនឹងអាចជួយគាំទ្រដល់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងការនាំចេញរបស់កម្ពុជា។
យោងតាមរបាយការណ៍ប្រកាសសេចក្ដីព័ត៌មានរួម នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ជា ថ្នាលបច្ចេកវិទ្យាឌីជីថលមួយគត់ សម្រាប់សម្រួលដល់កិច្ចការវិនិយោគរបស់រាជរដ្ឋាភិបាល បានបង្ហាញឱ្យឃើញថា នៅក្នុងខែឧសភា ឆ្នាំ២០២៦នេះ, កម្ពុជាទទួលបានការចុះបញ្ជីដែលមានដើមទុនវិនិយោគច្រើនជាងរួមមាន វិស័យកម្មន្តសាល និងផលិតផលកៅស៊ូ បានឈរក្នុងលំដាប់ទី១ ដែលមានដើមទុនវិនិយោគប្រមាណ ១៨៧ លានដុល្លារអាម៉េរិក ត្រូវជាង ៣១% នៃដើមទុនវិនិយោគសរុប ក្នុងវិស័យផ្សេងៗ ដោយវិស័យនេះគឺជាផ្នែកមួយដ៏សំខាន់នៃវិស័យឧស្សាហកម្ម ដែលផ្តោតលើការយកវត្ថុធាតុដើមមកកែច្នៃ ផលិត ឬបង្គុំ (ដំឡើង) ដើម្បីបង្កើតជាផលិតផលសម្រេចសម្រាប់ប្រើប្រាស់ និងនាំចេញ។
នៅក្នុងខែ ឧសភា នេះដែរ, កម្ពុជាក៏ទទួលបានក្រុមហ៊ុនចុះបញ្ជីលើការដាំដុះដែលមានអាយុកាលវែង មានទឹកប្រាក់វិនិយោគ ប្រមាណ ៩៩ លានដុល្លារ ត្រូវជាង ១៦%, ផ្នែកកម្មន្តសាល លោហៈធាតុមូលដ្ឋានមានតម្លៃ និងលោហៈធាតុមិនមែនជាដែក មានទឹក ប្រាក់ ៤៩ លានដុល្លារ ត្រូវជាង ៨%, សំណង់នៃគម្រោងសេវាកម្មសាធារណៈ មានទឹកប្រាក់ ២៩ លានដុល្លារ ត្រូវជិត ៩%, ការលក់ ដុំផ្សេងៗ មានទឹកប្រាក់ ២៣ លានដុល្លារ ត្រូវជិត ៤% ចំណែកកម្មវត្ថុអាជីវកម្មផ្សេងៗ មានទឹកប្រាក់ប្រមាណ ២០៩ លានដុល្លារ ត្រូវជាង ៣៤% នៃដើមទុនវិនិយោគសរុបក្នុងវិស័យផ្សេងៗ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦នេះ, កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃ ថ្នាលបច្ចេកវិទ្យាព័ត៌មាន (CamDX) ដែលបានអនុម័តរួច មានចំនួនសរុបជាង ៥៨ ពាន់ក្រុមហ៊ុន/សហគ្រាស មានដើមទុនវិនិយោគ ចំនួនប្រមាណជាង ៩៧ ទ្រីលានរៀល ត្រូវជាង ២៣,៨ ប៊ីលានដុល្លាអាម៉េរិក ក្នុងនោះមានម្ចាស់អាជីវកម្មជាស្រ្តីដែលបានអនុម័ត មានចំនួនជិត ២១ ពាន់ក្រុមហ៊ុន/សហគ្រាស ត្រូវប្រមាណ ៣៦% នៃការចុះបញ្ជីសរុប៕
