ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និងមជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង នៃសាធារណរដ្ឋកូរ៉េ បានរៀបចំសិក្ខាសាលារួម កម្ពុជា - កូរ៉េ លើកទី២ ស្តីអំពី ជំងឺត្រចៀក ច្រមុះ បំពង់ក ជាមួយក្រសួងសុខាភិបាល និងមន្ទីរពេទ្យព្រះអង្គឌួង នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២នេះ។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល, លោក គីម ខ្វាងវុក ប្រធានតំណាងស្តីទី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា) ប្រចាំការិយាល័យប្រទេសកម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យ យូ ប្យុងវុក ប្រធានគម្រោង នៃមជ្ឈមណ្ឌល សាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាង។
ឯកឧត្តមសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់អគារថ្មី និងជំនួយបច្ចេកទេសសម្រាប់ជំងឺត្រចៀក ច្រមុះ និងបំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង តាមរយៈ ភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) និង មជ្ឈមណ្ឌលសាកលវិទ្យាល័យ វេជ្ជសាស្ត្រស៊ុនជុនយ៉ាងនៃសាធារណរដ្ឋកូរ៉េ។ សព្វថ្ងៃមនី្ទរពេទ្យព្រះអង្គឌួង កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយកំណើនប្រជាជនដែលមកទទួលសេវាមានការកើនឡើងយ៉ាងខ្លាំង ជាពិសេសផ្នែកជំងឺត្រចៀក ច្រមុះ បំពង់ក ពីព្រោះមនី្ទរពេទ្យព្រះអង្គឌួង ជាមនី្ទរពេទ្យថ្នាក់ជាតិមួយ ដែលផ្តល់គុណភាពសេវាសុខភាពប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត បានជួយកាត់បន្ថយភាពក្រីក្រ និងបន្ថយលំហូរចេញទៅព្យាបាលនៅបរទេស ដែលបញ្ហាទាំងនេះស្របទៅនឹងផែនការយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល ក៏ដូចជាយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតេជោ តែងតែ យកចិត្តទុកដាក់ពីបញ្ហាសុខភាពប្រជាពលរដ្ឋជាចម្បង។
ទន្ទឹមគ្នានោះដែរលោក គីម ខ្វាងវុក បានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាលើកទី២នេះ គឺដើម្បីចែករំលែក និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក និងជំនាញរបស់ប្រទេសនីមួយៗ (កម្ពុជា កូរ៉េ)នៅក្នុងវិស័យត្រចៀក ច្រមុះ និងបំពង់ក ជាពិសេសក្នុងការពង្រឹងប្រសិទ្ធភាព នៃការព្យាបាលរួមគ្នា រវាងផ្នែក ត្រចៀក ច្រមុះ បំពង់ក ក្បាល និងក ដោយប្រើវិធីសាស្ត្រពហុជំនាញ។ ក្នុងអំឡុងពេលនៃសិក្ខាសាលា ភាគីកូរ៉េបានពន្យល់អំពី ទី១)-ការវះកាត់កែកុនក្បាល និងក, ទី២)-ករណីសំខាន់ៗនៅមជ្ឈមណ្ឌលសាកលវិទ្យាល័យវេជ្ជសាស្ត្រ ស៊ុនជុនយ៉ាង ទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក, ទី៣)-ករណីសិក្សា ត្រចៀក ច្រមុះ បំពង់ក (ច្រៀក) និងការសិក្សា ត្រៀក ច្រមុះ បំពង់ក (ក្បាល និងក) និង ទី៤)- ការពិភាក្សាលើបច្ចេកទេសវះកាត់ចុងក្រោយ ទាក់ទងទៅនឹងត្រចៀក ច្រមុះ បំពង់ក។ ចំណែកខាងភាគីកម្ពុជា បានធ្វើបទបង្ហាញអំពី ទី១)-ការចែករំលែកចំណេះដឹងផ្នែកត្រចៀក ច្រមុះ បំពង់ក ក្បាល និងក, ទី២)-ការចែករំលែកចំណេះដឹងផ្នែកវះកាត់កែសម្ផស្ស, ទី៣)-ករណីសំខាន់ៗនៅផ្នែកត្រចៀក នៅមន្ទីរពេទ្យព្រះអង្គឌួង និងទី៤)-ករណីសំខាន់ៗនៅផ្នែកក្បាល និង ក នៅមន្ទីរពេទ្យព្រះអង្គឌួង៕ អត្ថបទ ៖ រដ្ឋា