ភ្នំពេញ៖ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត បានបញ្ជាក់ថា សកម្មភាពការងារនេសាទ នៅតែមានដំណើរ ការល្អប្រជានេសាទ មានការយល់ដឹងច្រើនជាងមុន និងបានចូលរួមគោរពច្បាប់ត្រឹមត្រូវ មិនប្រើប្រាស់ ឧបករណ៍ហាមឃាត់នោះទេ សម្រាប់ឆមាសទី១ ឆ្នាំ២០២២នេះ ខេត្តកំពត ប្រមូលផលនេសាទបានជាង ១ម៉ឺន ២ពាន់តោន ។
នាយខណ្ឌរដ្ឋបាលជលផល លោក ស សុរិន បានឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំនេះ រដ្ឋបាល ជលផលសម្រេចលទ្ធផលការងារជាច្រើន ក្នុងនោះ ផលនេសាទខេត្តកំពត ទាំងទឹកសាប និងសមុទ្រស្រស់ អនុវត្តបានចំនួនជាង ១២.១០៣តោន (ទឹកសាប ចំនួន២.៣០០តោន និងសមុទ្រ ចំនួន ៩.៨០៣ តោន) ។
ការធ្វើវារីវប្បកម្មសមុទ្រ បានចំនួន ៨៦០តោន និងផលវារីវប្បកម្មទឹកសាប បានចំនួន៦៧តោន ។ ផលនេសាទទាំងនោះ បាននាំចេញចំនួន ៣២៦តោន (កែច្នៃ ១៤៦តោន និងស្រស់ ១៨០តោន) ។
លោកនាយខណ្ឌរដ្ឋបាលជលផល បានបន្តថា ខេត្តកំពតមានស្ថានីយភ្ញាស់កូនត្រីមានសរុបចំនួន ១៥កន្លែង ផលិតកូនត្រីបានចំនួន ៥លានក្បាល។
ធនាគារក្តាមសេះ មាន០២កន្លែង (សហគមន៍នេសាទត្រពាំងរពៅ និងសហគមន៍នេសាទកែបថ្មី) ប្រមូលក្តាមពងដាក់ចូលធនាគារក្តាមបានចំនួន ៧៥គីឡូក្រាម ស្មើនិង ១.០៥១ក្តាម ។
លោក បានបញ្ជាក់ថា រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរជំនាញ បានយកចិត្តទុកដាក់ខ្ពស់ក្នុងថែរក្សាអភិរក្សធនធានធម្មជាតិសមុទ្រ និងបានបណ្តុះកូនកោងកាងបានចំនួន ២៩.៧០០ដើម និងបានដាំចំនួន ១៩.៦៨៦ដើម នៅតាមសហគមន៍នេសាទចំនួន៨ក្នុងខេត្ត។
ខេត្តកំពតមានស្មៅសមុទ្រចំនួន ១១ប្រភេទលើផ្ទៃបាតសមុទ្រ ៨ ៤៣៥ហិកតា ផ្កាថ្ម ៩៥៣ហិកតា ព្រៃកោងកាង ១៩៦៦ហិកតា និងទីតាំងអភិរក្សមានចំនួន ១៣កន្លែង។
ប្រជានេសាទ បានប្រាប់ឲ្យដឹងថា របរនេសាទគ្រប់គ្រាន់សម្រាប់ចិញ្ចឹមជីវភាពរស់នៅ និងបានសល់បន្តិចបន្តួច ប៉ុន្តែពិបាក ហត់នឿយ ហើយប្រឈមនឹងគ្រោះថ្នាក់ច្រើន។
តាមការបញ្ជាក់របស់ លោកនាយខណ្ឌរដ្ឋបាលជលផលថា ឆមានទី១នេះ ការបង្ក្រាបបទល្មើសអនុវត្តបានចំនួន ៤១ករណី ក្នុងនោះ រឹបអូស/បំផ្លាញចោលលបកន្ទុយកណ្តុរចំនួន ១៤ករណី , រឹបអូសនិងបំផ្លាញចោលឈឺបរុញដៃភ្ជាប់ឧបករណ៍ឆក់ ១៧ករណី, អប់រំណែនាំ ០៣ករណី និងករណីផ្សេងៗ ចំនួន៧ករណីទៀត៕ អត្ថបទ៖ អន សារឹម