ភ្នំពេញ៖ រយៈពេល ១១ខែ នៃកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា បានឈានដល់វគ្គផ្ដាច់ព្រ័ត ក្រោមប្រធានបទ “ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធ៌មជាពលរដ្ឋល្អ ដើម្បីក្លាយទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ”។ វគ្គផ្ដាច់ព្រ័ត បានរកឃើញនូវម្ចាស់ជ័យលាភី ជាក្រុមសិស្សដែលមកពីវិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ឈានដល់វគ្គផ្ដាច់ព្រ័តនៅថ្ងៃនេះ ក្រោមការប្រកួតប្រជែងដ៏ស្វិតស្វាញ រវាងក្រុមមកពីសាលាប៊ែលធីអន្តរជាតិ ជាក្រុមស្រប និងក្រុមមកពី វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប ជាក្រុមបដិសេធ។
ការប្រកួតនេះរៀបចំឡើងក្រោមប្រធានបទ“ យុវជនត្រូវមានចំណេះដឹង បំណិន និងចរិយាធ៌មជាពលរដ្ឋល្អ ដើម្បីក្លាយទៅជាសសរទ្រូងពិតប្រាកដរបស់ប្រទេសជាតិ” ដោយមានការដាក់ពិន្ទុសុក្រឹត្យពី សមាសភាពគណៈកម្មការពោពេញដោយសមត្ថភាពចំនួន ៧រូប មកពីវិស័យផ្សេងៗគ្នា និងមានការបោះឆ្នោតគាំទ្រផងដែរ។
ជាលទ្ធផលក្រោយបញ្ចប់ការប្រកួត គឺក្រុមមកពី វិទ្យាល័យហ៊ុនសែនប្រាសាទបាគង ខេត្តសៀមរាប បានក្លាយជាម្ចាស់ជ័យលាភី រីឯក្រុមមកសាលាប៊ែលធី ទទួលចំណាត់ថ្នាក់លេខពីរ។
ទោះការប្រកួតនេះមានការចាញ់ ឈ្នះយ៉ាងណាក្ដី ក្រុមទាំងពីរសុទ្ធតែពេញចិត្ត និងចាត់ទុកថានេះ ជាជោគជ័យ។ ពួកគាត់ជាយុវជនលើកឡើងថា នេះជាចំណុចចាប់ផ្ដើម ហើយពួកគាត់នឹងប្រឹងប្រែងបន្តទៀត។ ប្រឹងប្រែងដើម្បីខ្លួនឯង ប្រឹងប្រែងដើម្បីគ្រួសារ និងប្រឹងប្រែងដើម្បីសង្គមជាតិ។
ជាការមើលឃើញរួមនៃកម្មវិធីនេះ លោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន នៃក្រសួងអប់រំ ជាអ្នករៀបចំឱ្យមានកម្មវិធីជជែកដេញដោលនេះឡើង លើកឡើងជាការពេញចិត្តជាខ្លាំង ចំពោះសមត្ថភាពយុវជន ដែលបានចូលរួមប្រកួត។ លោកជំទាវ វាយតម្លៃថាសមត្ថភាពយុវជនកម្ពុជា ក្នុងការចូលរួមការប្រកួតនេះ គឺកាន់តែមានភាពប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។
កម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិឆ្នាំ ២០២២ ក្រៅពីមានវត្តមាន សមាសភាពគណៈកម្មការចំនួន ៧រូប ក៏មានវត្តមាន ឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ទស្សនាដោយផ្ទាល់ផងដែរ។
ឯកឧត្តម ក៏បានផ្ដល់អនុសាសន៍មួយចំនួន ដោយបញ្ជាក់ឱ្យយុវជនត្រូវខិតខំ ព្រោះការសិក្សាគ្មានទីបញ្ចប់នោះទេ។ ឯកឧត្តមបន្តថា គ្រប់រូបអាចធ្វើការស្វ័យសិក្សា តាមការអានសៀវភៅ ការប្រើប្រាស់អ៊ីនធរណិត ដើម្បីបន្តវិវត្តខ្លួនឱ្យទាន់នឹងសង្គមជាតិ។អត្ថបទ៖ គឹមហុក