
ភ្នំពេញ៖ កម្ពុជាកំពុងគិតគូរជំរុញការនាំចេញជ្រូករស់ ទៅកាន់ប្រទេសវៀតណាម ខណៈទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើង ដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុក ដែកកំពុងស្រុតចុះ។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានថ្លែងលើកឡើង នៅថ្ងៃទី ២ ខែ សីហា ឆ្នាំ ២០២៣ នេះថា ជុំវិញការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំចុងក្រោយ ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា បានឆ្លើយតបតាមតម្រូវការទីផ្សារ បានគ្រប់គ្រាន់ ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូលពីប្រទេសជិតខាងទៀតហើយ ស្របពេលការចិញ្ចឹមជ្រូកក្នុងស្រុកមានការរីកចម្រើន និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើផលិតកម្មផ្នែកនេះ។
ចំណែកតម្លៃលក់វិញ លោក ស្រ៊ុន ពៅ លើកឡើងបន្តថា សម្រាប់ទីផ្សារក្នុងស្រុក តម្លៃជ្រូករស់នាពេលកន្លងមកបានហក់ឡើងដល់ ៩ ៣០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់បច្ចុប្បន្នតម្លៃនេះបានធ្លាក់ចុះ, ដែលការធ្លាក់ចុះនេះ ព្រោះនៅក្នុងរដូវវស្សាប្រជាពលរដ្ឋមួយចំនួនធំ ជាពិសេសប្រជាពលរដ្ឋនៅតាមជនបទ ពួកគាត់អាចរកត្រីសាច់សម្រាប់ផ្គត់ផ្គង់ការហូបចុកបានមួយចំនួនធំ។ សមាគមបានសង្កេតឃើញថា តម្លៃជ្រូករស់នៅប្រទេសវៀតណាម កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បីជួយដល់កសិករ បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។
ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះ, លោក ស្រ៊ុន ពៅ បានបញ្ជាក់ថា ថ្មីៗនេះ កសិករអ្នកចិញ្ចឹមជ្រូក ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា គឺបានអនុញ្ញាត ឲ្យក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ ឆ្លងកាត់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយមិនមែននាំចូលទីផ្សារកម្ពុជានោះទេ៕ អត្ថបទ៖ សុន រ៉ាឌី