ភ្នំពេញ៖ ក្រុមគ្រូពេទ្យមនី្ទរពេទ្យព្រះអង្គឌួង នៃព្រះរាជាណាចក្រកម្ពុជា និងគ្រូពេទ្យនៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បានផ្តល់ការវះកាត់ព្យាបាលអ្នកជំងឺ មានដុំសាច់មហារីក ក្នុងច្រមុះដោយប្រើម៉ាស៊ីនអង់ដូស្តុបពី ដែលជាករណីពិបាកក្នុងការវះកាត់ ឲ្យជាសះស្បើយដោយឥតគិតថ្លៃ។
លោកវេជ្ជបណ្ឌិត Kazuhiro Omura ឯកទេសត្រចៀក ច្រមុះ បំពង់ក និងវះកាត់បាតខួរក្បាល នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន គឺលោកបានមកកាន់ប្រទេសកម្ពុជា ជាង១០ឆ្នាំមកហើយ(ក្នុងឆ្នាំ២០០៩)។ ជាទូទៅលោកវេជ្ជបណ្ឌិត មកកម្ពុជា មួយឆ្នាំម្តងៗ ដើម្បីធ្វើការបណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីជូនក្រុមគ្រូពេទ្យកម្ពុជា ជារៀងរាល់ឆ្នាំ។ ហើយក្រុមគ្រូពេទ្យកម្ពុជា ក៏បានអញ្ជើញទៅទទួលការបណ្តុះបណ្តាលផ្នែកអង់ដូស្តុបពីនេះ នៅប្រទេសជប៉ុនជាច្រើនរូបផងដែរ។
ជាក់ស្តែងនៅថ្ងៃនេះ លោកវេជ្ជបណ្ឌិត Kazuhiro Omura បានថ្លែងប្រាប់BTV ព័ត៌មានថា លោកពិតជារីករាយណាស់បានមកជួយដល់ក្រុមគ្រូពេទ្យក្នុងមនី្ទរពេទ្យព្រះអង្គឌួង ដើម្បីមានលទ្ធភាពក្នុងការវះកាត់អ្នកជំងឺដែលមានដុំសាច់មហារីក ក្នុងច្រមុះឲ្យជាសះស្បើយ និងមានប្រសិទ្ធភាពខ្ពស់ ដោយប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ជាគុណប្រយោជន៍ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងមួយផ្នែកទៀត បានចូលរួមកាត់បន្ថយចំនួនប្រជាពលរដ្ឋ ដែលមានបំណងធ្វើដំណើរទៅទទួលសេវាកម្មថែទាំសុខភាព នៅក្រៅប្រទេស។
ដោយកន្លងមកគ្រូពេទ្យ មិនមានលទ្ធភាពក្នុងការវះកាត់ព្យាបាលជំងឺ ប៉ុន្តែនៅពេលនេះ ក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានសមត្ថភាពខ្ពស់ ក្នុងការវះកាត់ព្យាបាលអ្នកជំងឺប្រភេទនេះឲ្យជាសះស្បើយ និងទទួលបានជោគជ័យ ដោយមានលោកវេជ្ជបណ្ឌិត ជួយគាំទ្រ។
ចំណែកលោកវេជ្ជបណ្ឌិត ជិន មករា អនុប្រធានផ្នែកពិនិត្យ ពិគ្រោះជំងឺត្រចៀក ច្រមុះ បំពង់ក នៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងថា ផ្នែកត្រចៀក ច្រមុះ បំពង់ក និងវះកាត់ផ្នែកអង់ដូស្តុបពី មានការរីកចម្រើនខ្លាំង។ ចំណែកប្រជាពលរដ្ឋមកទទួលសេវាពិគ្រោះ ពិនិត្យ ព្យាបាលជំងឺ នៅផ្នែកខាងលើនេះ មានការកើនឡើងចន្លោះពី៤០០នាក់ ទៅជាង៦០០នាក់ក្នុងមួយថ្ងៃ។ ស្របពេលដែលប្រជាពលរដ្ឋបានផ្តល់ទំនុកចិត្តខ្ពស់មកកាន់ក្រុមគ្រូពេទ្យនៅមនី្ទរពេទ្យព្រះអង្គឌួង គឺលោកគ្រូពេទ្យ អ្នកគ្រូពេទ្យរបស់យើងបានខិតខំអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឥតឈប់ឈរ ដើម្បីធ្វើការវះកាត់ប្រភេទដុំសាច់ ដែលជ្រៀតចូលក្នុងបាតខួរក្បាល។ ការផ្តល់សេវាប្រកបដោយគុណភាពនេះ គឺមានការជួយគាំទ្រពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងមនី្ទរពេទ្យ ព្រមទាំងគ្រប់គ្រងដឹកនាំផ្ទាល់ពីឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ បានផ្តល់ឱកាស ក៏ដូចជាបំពាក់នូវឧបករណ៍ទំនើប ដែលមានប្រសិទ្ធភាពក្នុងការវះកាត់ដុំសាច់មហារីក ដោយយើងមានក្រុមគ្រូពេទ្យមកពីប្រទេសជប៉ុន ចូលរួមសហការគ្នាក្នុងការវះកាត់។
ដុំសាច់មហារីកនេះ គឺជាប្រភេទដុំសាច់កាចសាហាវ និងពិបាកក្នុងវះកាត់ ដោយក្រុមគ្រូពេទ្យត្រូវមានជំនាញខ្ពស់ប្រើបច្ចេកវិទ្យា បកបាតខួរក្បាល និងឈានទៅយកដុំសាច់ក្នុងខួរក្បាលចេញ ដោយប្រើរយៈ១២ម៉ោងក្នុងការវះកាត់នេះ។ ដូច្នេះធ្វើឲ្យការវះកាត់ដុំសាច់មហារីកជូនអ្នកជំងឺ ទទួលបានជោគជ័យ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យ Jikei នៃទីក្រុងTokyo ប្រទេសជប៉ុន បានកោតសរសើរដល់ឯកឧត្តមសាស្រ្តាចារ្យ លូ លីឃាង នាយកមនី្ទរពេទ្យ និងថ្នាក់ដឹកនាំ បានធ្វើការអភិវឌ្ឍខ្លាំងលើហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារវេជ្ជសាស្រ្ត ជាពិសេសផ្នែកត្រចៀក ច្រមុះ បំពង់ក អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ ចាប់តាំងពីឆ្នាំ២០០៩មកដល់ពេលេនះ លោកបានបង្ហាត់បង្រៀនគ្រូពេទ្យកម្ពុជា ឲ្យមានចំណេះជំនាញ ឯកទេសច្បាស់លាស់ ចំនួនជាង១០នាក់ លើផ្នែកអង់ដូស្តុបពីនេះ។
ក្នុងនោះលោកមានគោលដៅច្បាស់លាស់ និងមានឆន្ទះជួយដល់ប្រជាជន និងគ្រូពេទ្យកម្ពុជា ឲ្យមានជំនាញឯកទេស និងការអភិវឌ្ឍ លើការប្រើប្រាស់ម៉ាស៊ីនអង់ដូស្តុបពី សម្រាប់ផ្តល់សេវាជូនប្រជពលរដ្ឋ ឲ្យមានសុខភាពល្អ៕អត្ថបទ រដ្ឋា









