ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូបារាំងថា ប្រទេសបារាំង បានសន្យាជំរុញការផ្គត់ផ្គង់គ្រាប់រំសេវដល់អ៊ុយក្រែន ដើម្បីបំពេញតម្រូវការការពារជាតិរបស់ក្រុងគីវ នៅឆ្នាំក្រោយ។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក ឌ្មីត្រូ ក្លីមែនកូវ ( Dmytro Klimenkov) និងលោក ឧត្តមសេនីយ៍ទោ អ៊ីវ៉ាន ហាវរីលីអ៊ុក (Ivan Havryliuk) បានជួបគណៈប្រតិភូបារាំង ដឹកនាំដោយអគ្គវិស្វករ Jean-Francois Dock ក្នុងទីក្រុងគីវ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។
លោក Dock បាននិយាយថា ទីក្រុងប៉ារីស កំពុងចាត់វិធានការទាំងឡាយណា ដែលអាចធ្វើទៅ បានដើម្បីគាំទ្រអ៊ុយក្រែន។ លោកបានបញ្ជាក់ថា មូលនិធិជំនួយរបស់បារាំង កំពុងព្យាយាមគ្របដណ្តប់ផ្នែកខ្លះនៃការទិញអាវុធ និងគ្រឿងបន្លាស់របស់អ៊ុយក្រែន ដោយបន្ថែមថា ប្រទេសបារាំង នឹងបង្កើនការផ្គត់ផ្គង់គ្រាប់រំសេវ នៅឆ្នាំក្រោយនេះ។
ភាគីនានា ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យភ័ស្តុភារយោធាផងដែរ។
លោក ហាវរីលីអ៊ុក បាននិយាយថា៖ «សប្តាហ៍នេះ យើងបានទទួលមូលនិធិរួចហើយ ហើយនឹងធ្វើការបង់ប្រាក់សម្រាប់ការទិញបន្ថែមនូវកាំភ្លើងបាញ់ស្វ័យប្រវត្តិធុនCaesar»។