ភ្នំពេញ៖ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច បានផ្តល់ជាគំនិតដល់និស្សិតទាំងឡាយថា ដើម្បីទទួលភាពជោគជ័យលើការសរសេរសារណាឬ និក្ខេបបទបញ្ចប់ការសិក្សា ក្លាយជាបណ្ឌិតនិងជាធនធានមនុស្សពោរ ពេញដោយសមត្តភាពដ៍សំខាន់សម្រាប់ប្រទេសជាតិនោះនិស្សិតត្រូវចេះជ្រើសរើសគ្រឹះស្ថានសិក្សាដែលមាន គុណ ភាពអប់រំ មានកម្មវិធីសិក្សាបង្រៀនល្អៗព្រមទាំងសម្បូរទៅ ដោយសាស្ត្រាចារ្យដែលមានចំណេះដឹងច្បាស់លាស់ ។
ការផ្តល់ជាពុទ្ធិដើម្បីនិស្សិតទទួលជោគជ័យលើការ សិក្សា ទៅតាមជំនាញចង់រៀនរៀងខ្លួនយ៉ាងដូច្នេះពី សំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី នៃថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាន់ទី១២ វគ្គទី១ និងថ្នាក់ បណ្ឌិតជំនាន់ទី៩ វគ្គទី១ នាវេលាព្រឹកថ្ងៃទី១៣ ខែមករាឆ្នាំ ២០២៤នេះ ដោយមានថ្នាក់ដឹកនាំនៃរាជ បណ្ឌិត្យសភាព្រឹទ្ធសភាចារ្យ សាស្ត្រាចារ្យ និស្សិត និងសាធារណជន ចូលរួមក្នុងពិធីប្រមាណ២០០នាក់ ។
ឯកឧត្តម សុខទូច បានបន្តថា ពេលសរសេរនិក្ខេបបទដើម្បីបញ្ចប់ការសិក្សា និស្សិតកុំសរសេរឲ្យតែរួចពីដៃត្រឹមតែដាក់តំកល់ចោលក្នុងបណ្ណាល័យឲ្យសោះ ត្រូវសរសេរប្រធាន បទណាដែលមានគុណភាព មានអត្ថន័យខ្លឹមសារល្អៗបានមកពីការសិក្សាស្រាវជ្រាវដោយខ្លួនផ្ទាល់ ហើយក្លាយជាឯកសារស្នាដៃដ៍សំខាន់បន្សល់ទុកសម្រាប់អ្នកសិក្សាជំនាន់ក្រោយៗ ។ កុំយកទ្រឹស្តីរបស់អ្នកប្រាជ្ញនានា ឬ ពីបញ្ហានយោបាយមកជាប្រធានបទសម្រាប់សរសេរសារណាឬបញ្ចប់និក្ខេបបទរបស់ខ្លួនឲ្យសោះ។ ឯកឧត្តម សុខទូច ក្រើនរំលឹកថា និស្សិតត្រូវចេះជ្រើសរើសគ្រូដែលពូកែហើយជួយនែនាំទៅតាមប្រធានបទដែលខ្លួនពេញចិត្ត។កត្តាសំខាន់ត្រូវតាំងខ្លួនជាអ្នកចេះជាងគេ ដើម្បីពេលឡើងការពារនិក្ខេបបទទៅគឺទទួលបានជោគជ័យ.។
លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះ បណ្តាលនៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា បើសរុបស្ថិតិនិស្សិតដែលបានសិក្សានៅរាជបណ្ឌិត្យសភាកម្ពុជាទាំងថ្នាក់អាហារូបករណ៍និងបង់ថ្លៃសិក្សា(២០០០- ២០២៣) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៧៤៩នាក់ ថ្នាក់បណ្ឌិត៨៨៩ នាក់។ជាលទ្ធផលបញ្ចប់ការសិក្សារបស់និស្សិតចាប់ពីឆ្នាំ ២០០០-២០២៣មក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជាប់បាន ៣៣០ នាក់ (ស្រី ៥២នាក់) -ថ្នាក់បណ្ឌិត បាន ១២៣ នាក់ (ស្រី ១១ នាក់)។ដោយឡែកសម្រាប់ឆ្នាំ២០២៣ កន្លងមកនេះ និស្សិតជ័យលាភីដែលបានបញ្ចប់ដោយជោគជ័យលើការការពារសារណា និងនិក្ខេបបទ មាន ១៣នាក់។ក្នុងនោះថ្នាក់បរិញ្ញាបត្រជាន់ ខ្ពស់ ៤នាក់ ទៅតាមជំនាញរៀងៗខ្លួន។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២៣- ២០២៤ បើកដំណើរការក្នុងពេលនេះ ថ្នាក់បណ្ឌិត មាន៨៥ នាក់លើ៩ ជំនាញដូចជា. រដ្ឋបាលសាធារណៈ. នីតិសាស្រ្ត . វិទ្យាសាស្ត្រនយោបាយ . សេដ្ឋកិច្ច .អប់រំ . អក្សរសិល្ប៍ . គ្រប់គ្រងធុរកិច្ច . ទស្សនវិជ្ជា .ស្ថាបត្យកម្មនិងសំណង់ ។ដោយឡែក ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មាន ៧៣នាក់លើជំនាញ រដ្ឋបាលសាធារណៈ .នីតិសាស្រ្ត .វិទ្យាសាស្ត្រនយោបាយ. សុខាភិបាល.អប់រំ.អក្សរសិល្ប៍ . វិទ្យាសាស្ត្រសេដ្ឋកិច្ច. សិល្បៈតន្ត្រី និង ជំនាញវិស្វកម្មបរិស្ថាន៕ អត្ថបទ៖ភារម្យ