ក្រសួងអប់រំ យុវជន និងកីឡា កំពុងចាប់ផ្ដើមយុទ្ធនាការលើកកម្ពស់ស្ដង់ដាសាលារៀនគំរូ តាមរយៈការអប់រំឌីជីថល សម្រាប់សិស្សនៅគ្រឹះស្ថានមធ្យមសិក្សា។ យុទ្ធនាការនេះផ្ដល់ការបណ្ដុះបណ្ដាលទាំងគ្រូបង្រៀន ទាំងសិស្សពី វិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ Flipped Classroom និងវិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម Constructivism។
តាមរយៈយុទ្ធនាការនេះមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា កំពុងមមាញឹកចុះទៅតាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីលើកកម្ពស់ស្តង់ដាសាលារៀនគំរូ តាមរយៈការអប់រំឌីជីថល។ ជាដំណាក់កាលដំបូងនេះ គឺធ្វើឡើងនៅតាមវិទ្យាល័យគោលដៅមួយចំនួននៅរាជធានីភ្នំពេញជាមុនសិន មុននឹងឈានចុះទៅវិទ្យាល័យតាមបណ្ដាខេត្ត។
ជាក់ស្ដែងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៤ ក្រុមការងារនៃយុទ្ធនាការ បានចុះទៅធ្វើការបណ្ដុះបណ្ដាលដល់សិស្ស និងគ្រូបង្រៀនដោយផ្ទាល់ ពីវិធីសាស្ត្របង្រៀនតាមបែបថ្នាក់រៀនត្រឡប់ Flipped Classroom និងវិធីសាស្ត្របង្រៀនតាមទ្រឹះស្ដី ស្ថាបនានិយម Constructivism។ ការចុះទៅបណ្ដុះបណ្ដាលនេះ ក៏មានការចូលរួមពិនិត្យស្វែងយល់ ដោយឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។ ឯកឧត្តម រដ្ឋលេខាធិការលើកឡើងក្នុងឱកាសនោះថា ការប្រើប្រាស់វិធីសាស្ត្របង្រៀនថ្មីនេះ គឺមានភាពចាំបាច់ក្នុងសង្គមពេលបច្ចុប្បន្ន។ សិស្សត្រូវសិក្សាស្វែងយល់មេរៀនពីផ្ទះជាមុនសិន ត្រៀមសំណួរនូវចំណុចដែលខ្លួនមិនយល់ ដើម្បីសួរទៅគ្រូបង្រៀន និងពិភាក្សាគ្នា នៅពេលដល់ម៉ោងសិក្សា។
ក្នុងការបណ្ដុះបណ្ដាលនេះ ក្រុមការងារនៃយុទ្ធនាការ ក៏បានណែនាំទៅសិស្សឱ្យប្រើប្រាស់កម្មវិធីទូរស័ព្ទ App ទូរសិក្សា សម្រាប់ការសិក្សាដោយខ្លួនឯងនៅផ្ទះ ដើម្បីមានជាចំណេះដឹង ឬសំណួរសម្រាប់ការពិភាក្សានៅក្នុងថ្នាក់រៀន។ កម្មវិធី ទូរសិក្សា នេះ ជាកម្មវិធីសិក្សាដោយមិនគិតថ្លៃ បង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានការបង្រៀនគ្រប់មុខវិជ្ជា គ្រប់កម្រិតថ្នាក់។
សម្រាប់យុទ្ធនាការលើកកម្ពស់ការអប់រំឌីជីថលនេះ ជាផ្នែកសំខាន់ជំរុញឱ្យគ្រឹះស្ថានអប់រំនីមួយៗ ប្រែក្លាយពីសាលារៀនធម្មតា ទៅជាសាលារៀនដែលមានស្តង់ដាគំរូ។ តាមការឱ្យដឹងពីក្រុមការងាររបស់យុទ្ធនាការបានបញ្ជាក់ថា សាលារៀនដែលអាចអនុវត្តទៅតាមការបណ្ដុះបណ្ដាលនៅក្នុងយុទ្ធនាការនេះ គឺអាចសម្រេចបាន ១៩សូចនាករ ខណៈដែលសូចនាករសរុបនៃស្តង់ដាសាលារៀនគំរូ សម្រាប់កម្រិតមធ្យមសិក្សាគឺមានចំនួន ៨៣ សូចនាករ៕ អត្ថបទ៖ គឹម ហុក