ភ្នំពេញ ៖មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិ បាលថ្លែងថា ដើម្បីរក្សាតម្លៃ និងតំណែងជាដៃគូរអភិវឌ្ឍសុខាភិបាលបានស្នើរឲ្យមូលដ្ឋានសុខាភិបាលមួយចំនួនត្រូវពង្រីកសមត្ថភាព ជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យារបស់ខ្លួនបន្ថែម ជាពិសេសត្រូវតែគោរព ច្បាប់ ព្រមទាំងក្រមវិជ្ជាជីវៈវេជ្ជសាស្ត្រឲ្យ បានល្អ ឧទាហរណ៍ ការព្រីនលើវេជ្ជបញ្ជា ការផ្តល់ឱសថមានសរសេរឈ្មោះ មានដាក់ចំនួន និងមានវិធីប្រើប្រាស់ត្រឹមត្រូវ ជាពិសេសនោះ គឺមិនត្រូវបំភ័យអ្នកជំងឺឡើយ ។
ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស៊្រុន ទីប្រឹក្សាក្រសួងសុខាភិបាលនិងជាប្រធាននាយកដ្ឋានមន្ទីរពេទ្យ តំណាងឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល
ថ្លែងបែបនេះ ខណះតំណាងឱ្យឯកឧត្តមសាស្ត្រាចារ្យ រដ្ឋ មន្ត្រីក្រសួងសុខាភិបាលបើកសន្និសីទលើកទី១ របស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ក្រោមប្រធានបទ (រួមគ្នាលើកម្ពស់នវានុវត្តន៍ការថែទាំសុខភាពក្នុងវិស័យឯកជន) ស្ថិតក្នុងសណ្ឋាគារភ្នំពេញ នាថ្ងៃ២៤ខែកុម្ភះឆ្នាំ ២០២៤ នេះ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ មកពីមន្ទីរពេទ្យ និងគ្លីនិកឯកជន អង្គការក្រៅរដ្ឋាភិបាល និង នាយកដ្ឋានមន្ទីរពេទ្យ ជាតំណាងក្រសួងសុខាភិបាល ។
ឯកឧត្តមវេជ្ជណ្ឌិត សុខ ស៊្រុន ក្រៅពីសម្តែងនូវសេចក្ដីអបអរសាទរ និងកោតសសើរយ៉ាងក្រៃលែងដល់ក្រុមប្រឹក្សានៃសមាគមមន្ទីរពេទ្យឯកជននៅកម្ពុជា ដែលបានរៀបចំសន្និសីទដ៏មានសារសំខាន់នេះដើម្បីជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិនោះ ឯកឧត្តមក៍បានបញ្ជាក់ផងដែរថា ក្រសួងសុខាភិ បាលតែងតែត្រូវការសេវាសុខាភិបាលឯកជន និងចាត់ទុកជាដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបានឡើយ។សេវាឯកជនជាតម្រូវការចាំបាច់របស់បងប្អូនប្រជាពល រដ្ឋខ្មែរ ពីព្រោះសេវាឯកជនតែងតែឈាន មុខទាំងផ្នែកធនធានមនុស្ស ធនធានសម្ភារបរិក្ខាពេទ្យ បច្ចេកវិជ្ជាទំនើបៗ ប្រើប្រាស់ទាន់សម័យ ឧទាហរណ៍ៈ ប្រព័ន្ធបញ្ជូន Air Ambulance, ហេដ្ឋារចនា សម្ព័ន្ធល្អ និងការ វះកាត់ដោយអង់ដូស្កូប វាជួយបង្កើនសមត្ថភាពព្យាបាល ធានានូវគុណភាព និងសុវត្ថិភាពជូនអតិថិជន ជាពិសេសវាកាត់បន្ថយការចំណាយពេទ្យ ការស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យជាដើម ។ល។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កត្តាមួយ ចំនួននៅតែបំពាននូវវិសាលភាពក្នុងពេលអនុវត្ត ដូច្នេះសូមមេត្តាជួយកែលម្អផង បច្ចុប្បន្ននេះ យើងនឹងមានការប្រគួតប្រជែងនូវស្តង់ដារគុណភាពចំនួន៣ ដូចជា ស្តង់ដារមន្ទីរពេទ្យ ស្តង់ដារមណ្ឌលសុខភាពនិង ស្តង់ដារអប្បបរមាសម្រាប់សេវាឯកជន។ឯកឧត្តមវេជ្ជបណ្ឌិត សុខ ស៊្រុន បានណែនាំថា ចំពោះអ្នកមានបំណងចង់បើកសាខាមន្ទីរពេទ្យ មន្ទីរពហុព្យាបាល ឬសម្រាក់ព្យាបាល សូមមេត្តាពិនិត្យមើលលើច្បាប់ស្តីពីការគ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជន ក្នុងវិស័យវេជ្ជសាស្ត្រអមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រត្រង់ជំពូក ២ដែលចែងថា ការបើក ការកែទ្រង់ទ្រាយ និងការបិទសេវាវេជ្ជសាស្ត្រ វេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ មាត្រា៨ដែលចែងថា អ្នកវេជ្ជសាស្ត្រ អ្នកអមវេជ្ជសាស្ត្រ ឬអ្នកជំនួយវេជ្ជសាស្ត្រមួយរូបមានសិទ្ធសុំបើកសេវាវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ ឬជំនួយវេជ្ជសាស្រ្តឯកជនរបស់ខ្លួនបានតែមួយកន្លែង បើទោះជាអ្នកនោះមានសញ្ញាប័ត្រឯកទេសច្រើនក៏ដោយ។ ករណីនេះមិនមែនក្រសួងតឹងតែងទេ គឺជាកត្តាច្បាប់ ដូចនេះត្រូវតែអនុវត្តតាមជាធរមាន។
លោកវេជ្ជបណ្ឌិត.សោម លក្ខិណា ប្រធានសមាគមមន្ទីរពេទ្យឯកជនកម្ពុជាបានឲ្យដឹងថា សមាគមនេះបានចុះបញ្ជីរការជាមួយក្រសួងមហាផ្ទៃជាផ្លូវការកាលពីខែមករា ឆ្នាំ ២០២៣កន្លងមក ដោយមានគោលដៅការពារផល ប្រយោជន៍សមាជិកទាំងអស់ និងបេសកម្មផ្តល់បរិយាកាសល្អសម្រាប់ការរីកចម្រើនធុរៈកិច្ចឆ្ពោះទៅរកការទទួលស្គាល់ស្ដង់ដារគុណភាពសេវាថែទាំព្យាបាលសុខាភិបាលថ្នាក់ជាតិ និងអន្តរជាតិ។ សមាជិករបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ជាម្ចាស់ ឬតំណាងឲ្យមន្ទីរពេទ្យ មន្ទីរពហុព្យាបាល និងមន្ទីរសម្រាកព្យាបាលនឹងត្រូវទទួលបានផលប្រយោជន៍ដូចជាការចូលរួមការពង្រឹងសមត្ថភាពដល់គ្រូពេទ្យឬ បុគ្គលិករបស់មូលដ្ឋានសុខាភិបាលឯកជនតាម រយៈការចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសាលាវេជ្ជសាស្ត្រនិងកិច្ចប្រជុំនានា។
លោកវេជ្ជបណ្ឌិត.សោម លក្ខិណា បន្តថាសន្និសីទលើកទី១ នេះមានគោលបំណងពង្រីកសមាជិកភាពរបស់សមាគមមន្ទីរពេទ្យឯកជនកម្ពុជា ដើម្បីជួយចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ល្អៗ ក្នុងការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅការថែទាំសុខភាពក្នុងវិស័យឯកជននៅព្រះរាជាណាចក្រកម្ពុជាព្រម ទាំងចូលរួមចំណែកដល់ការគ្របដណ្តប់សុខភាពជាសកល។ ហើយសង្ឃឹមថា សន្និសីទនេះ នឹងក្លាយជាចលករដ៏ល្អ សម្រាប់ការសហការណ៍ ពង្រឹងការគ្រប់គ្រង ការផ្តល់សេវាប្រកបដោយគុណភាព ប្រសិទ្ធភាព និងភាពកក់ក្តៅនៅគ្រប់មូលដ្ឋានសុខាភិបាលឯកជន៕
អត្ថបទ៖ ភារម្យ










