ក្រសួងការពារជាតិរបស់ប្រទេសនីហ្សេ និងក្រសួងការពារជាតិសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ អំពីការបញ្ចប់ដំណាក់កាលទី ១ នៃការដកកងកម្លាំង និងសម្ភារៈរបស់សហរដ្ឋអាមេរិក ចេញពីទឹកដីប្រទេសនីហ្សេ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារផ្ទេរសិទ្ធិរបស់សហរដ្ឋអាមេរិកទៅឲ្យកងទ័ពប្រទេសនីហ្សេ នៅមូលដ្ឋានទ័ពអាកាស លេខ១០១ ក្នុងរដ្ឋធានី នីអាម៉ី(Niamey) ប្រទេសនីហ្សេ ដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក កាត់លីន ហ្វីតជីបបុន(Kathleen FitzGibbon) ព្រមទាំងបុគ្គលិកស៊ីវិល និងយោធាផ្សេងទៀតរបស់ប្រទេសទាំងពីរ។
យោងតាម លោក ម៉ាមម៉ាណេ សានី គៀអ៊ូ(Mamane Sani Kiaou) នាយសេនាធិការនៃកងទ័ពប្រទេសនីហ្សេ បាននិយាយឲ្យដឹងថា កិច្ចព្រមព្រៀងនេះ អំពាវនាវឱ្យមានការដកសម្ភារៈយោធារបស់សហរដ្ឋអាមេរិកទាំងអស់ នៅក្នុងប្រទេសនីហ្សេ រួមមានសម្ភារៈនៅក្នុងទីក្រុងនីអាម៉ី(Niamey), អាហ្គាដេស(Agadez), អ៊ូអាឡាំ(Ouallam) និងទីក្រុងឌីហ្វា(Diffa) នៅត្រឹមថ្ងៃទី១៥ ខែកញ្ញា។
បន្ទាប់ពីការដកកងកម្លាំង និងយុទ្ធោបករណ៍ចេញពីមូលដ្ឋានទ័ពអាកាសលេខ ១០១ សហរដ្ឋអាមេរិក នឹងផ្តោតលើការដកទ័ពចេញពីមូលដ្ឋានទ័ពអាកាសលេខ ២០១ នៅទីក្រុងអាហ្គាដេស។
លោកបាននិយាយថា មន្ត្រីប្រទេសនីហ្សេ និងសហរដ្ឋអាមេរិក នឹងធ្វើការដើម្បីធានាបានការដកកងទ័ពដោយសុវត្ថិភាព មានសណ្តាប់ធ្នាប់ និងមានទំនួលខុសត្រូវ។
កងទ័ពអាមេរិក បានប្រកាសពីការចាកចេញពីប្រទេសអាហ្វ្រិកមួយនេះជាផ្លូវការ នៅត្រឹមថ្ងៃទី១៥ ខែកញ្ញា។