វិមានក្រឹមឡាំង កាលពីថ្ងៃសៅរ៍ (១៣ កក្កដា) បានព្រមានថា ការដាក់ពង្រាយមីស៊ីលរបស់អាមេរិក នៅក្នុងប្រទេសអាល្លឺម៉ង់ អាចធ្វើឱ្យបណ្ដារដ្ឋធានីអឺរ៉ុប ក្លាយជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី នៅក្នុងការប្រឈមមុខគ្នាបែបសង្គ្រាមត្រជាក់ម្តងទៀត។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បាននិយាយអំពី «ភាពផ្ទុយគ្នា» ដែលក្នុងនោះ «អឺរ៉ុបគឺជាគោលដៅសម្រាប់មីស៊ីលរបស់រុស្ស៊ី ចំណែករុស្ស៊ី គឺជាគោលដៅសម្រាប់មីស៊ីលអាមេរិក នៅអឺរ៉ុប»។ លោកបាននិយាយទៅកាន់ទូរទស្សន៍រដ្ឋរុស្ស៊ីថា «យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទប់ទល់មីស៊ីលអាមេរិកទាំងនោះ ប៉ុន្តែអ្នករងគ្រោះបំផុតគឺជាបណ្ដារដ្ឋធានីនៃប្រទេសអឺរ៉ុប»។

លោក Peskov ក៏បានលើកឡើងផងដែរថា ការប្រឈមមុខដាក់គ្នាបែបនេះអាចបំផ្លាញអឺរ៉ុបទាំងមូល តាមរបៀបដូចគ្នាដែលសង្រ្គាមត្រជាក់បានបញ្ចប់ក្រោយការដួលរលំនៃសហភាពសូវៀត។ សេតវិមាន បានប្រកាសកាលពីសប្ដាហ៍មុនក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ថា ខ្លួននឹងដាក់ពង្រាយអាវុធរយៈចម្ងាយឆ្ងាយចាប់ពីឆ្នាំ២០២៦ នៅអាល្លឺម៉ង់ ដើម្បីជាការរារាំង។
វិមានក្រឹមឡាំង បានរិះគន់សកម្មភាពនេះរួចទៅហើយ ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោន ថាបានបោះជំហានឆ្ពោះទៅរកសង្រ្គាមត្រជាក់ថ្មី និងចូលរួមដោយផ្ទាល់នៅក្នុងជម្លោះនៅអ៊ុយក្រែន៕
