បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social ថា លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អប្រសើរ កាលពីថ្ងៃសុក្រ ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ហើយបានសន្យាថា នឹងបញ្ចប់សង្រ្គាមសម្រាប់ទីក្រុងគីវ ប្រឆាំងទីក្រុងមូស្គូ តាមរយៈការចរចា។
លោក Zelenskiy ក៏បានរាយការណ៍ពីការសន្ទនារបស់លោកជាមួយ លោក Trump និងបានសម្តែងការអរគុណ ចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិក។ ប៉ុន្តែលោក ពុំបាននិយាយយោងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ជម្លោះដែលមានអាយុកាល២៨ ខែនោះទេ។ លោក Trump បាននិយាយថា លោកនឹងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ទោះបីជានៅមុនពេលដែលលោកចូលកាន់តំណែង នៅខែមករាក៏ដោយប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកា។ លោកក៏ធ្លាប់បាននិយាយដែរថា ប្រសិនបើលោកចូលកាន់តំណែង នៅពេលដែលវិមានក្រឹមឡាំង បានបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២ សង្រ្គាមនឹងមិនកើតឡើងនោះទេ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម Truth Social លោក Trump និយាយថា ក្នុងនាមជាប្រធានាធិបតី លោកនឹងនាំយកសន្តិភាពទៅកាន់ពិភពលោក និងបញ្ចប់សង្គ្រាម ដែលបានធ្វើឲ្យមនុស្សស្លាប់ជាច្រើន។ ទោះបីជាលោក Trump បានដាក់ចេញនូវសំណើគោលនយោបាយជាក់ស្តែងមួយចំនួនក៏ដោយ លោកបានប្រាប់សារព័ត៌មាន Reuters នៅក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំមុនថា អ៊ុយក្រែន ប្រហែលជាត្រូវប្រគល់ទឹកដីខ្លះដើម្បីឈានដល់កិច្ចព្រមព្រៀងសន្តិភាព។ នៅក្នុងបង្ហោះលើបណ្តាញសង្គម លោក Zelenskiy បាននិយាយថាលោកអបអរ ចំពោះលោក Trump ដែលបានក្លាយជាបេក្ខជនមកពីគណបក្សសាធារណរដ្ឋ ហើយបានថ្កោលទោសការប៉ុនប៉ងធ្វើឃាតលើរូបលោក កាលពីសប្តាហ៍មុន។
លោក Zelenskiy ច្រានចោលរាល់ការចរចាណាមួយជាមួយរុស្ស៊ី ស្តីពីការបញ្ចប់ជម្លោះ ដរាបណាកងទ័ពរុស្ស៊ី នៅតែស្ថិតក្នុងប្រទេសអ៊ុយក្រែន។