កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធ ដែនអាកាសរួមគ្នា នៅថ្ងៃអង្គារនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរួមគ្នា ប្រឆាំងនឹងការគម្រាមកំហែង ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។

សមយុទ្ធនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែសីហា នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Suwon ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ហើយមានយន្តហោះចម្បាំង F/A-18C/D និង F-35B របស់កងម៉ារីនសហរដ្ឋអាមេរិក ព្រមទាំងយន្តហោះចម្បាំង F-16, FA-50, KA-1 និងយន្តហោះ KA-1 របស់កូរ៉េខាងត្បូង។ នេះបើយោងតាមកងទ័ពអាកាស។

កងទ័ពអាកាស បានបន្ថែមថា៖«សមយុទ្ធតាមអាកាសរួមគ្នានេះ នឹងរួមបញ្ចូលការហ្វឹកហ្វឺនលើសមយុទ្ធមូលដ្ឋាន ការគាំទ្រតាមអាកាសយ៉ាងជិតស្និទ្ធ ការរារាំងផ្លូវអាកាស និងការការពារដែនអាកាស ដែលមានន័យថា ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនៃប្រភេទយន្តហោះផ្សេងៗគ្នា។
កាលពីដើមខែនេះ ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះ F/A-18 Hornet និងកងវរសេនាតូចវាយប្រហារគ្រប់ស្ថានភាពរបស់កងម៉ារីន ដែលមានឈ្មោះថា Fighting Bengals បានមកដល់មូលដ្ឋានទ័ពអាកាស Suwon ដើម្បី «បង្កើនស្តង់ដានៃការត្រៀមខ្លួន និងសមត្ថភាពរបស់ពួកគេ ជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងកងកម្លាំងចម្រុះរបស់យើង»។