លោក ចូសិហ្វ ស៊ូអើ(Joseph Scheuer)អ្នកសម្របសម្រួលតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងកោតសរសើរចំពោះកងទ័ពមួកខៀវកម្ពុជាទាំងប្រុស ទាំងស្រី ដែលបានបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ គឺប្រកបដោយភាពក្លាហាន សេចក្តីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងបេសកកម្មរបស់ខ្លួនដើម្បីសន្តិភាពក្នុងបរិស្ថានជុំវិញពិភពលោក បើទោះបីជាបេសកកម្មទាំងនោះបានជួបនូវឧបសគ្គ និងភាពលំបាកលំបិនយ៉ាងណាក៏ដោយនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សរិយយស ជូនកងអនុសេនាធំវិស្វកម្មពហុជំនាញលេខ៤២៣ ដែលបានបញ្ចប់បេសកកម្មពីសាធារណរដ្ឋ អាហ្វ្រិកកណ្តាល, ផ្ទេរប្រគល់ថវិការបបគោលនយោបាយ អ.ស.ប ដល់យោធិនរងរបួស នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ លោក ចូសិហ្វ ស៊ូអើ បានបញ្ជាក់ថា «កម្ពុជាមានប្រពៃណីល្អក្នុងការរក្សាសន្តិភាពដែលមានកងរក្សាសន្តិភាពកម្ពុជាជាង៩៥០០នាក់ដែលបានបំពេញបេសកកម្មក្នុង១០ប្រទេស។ កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ធ្វើការដោយមិននឿយហត់ ជារឿយៗស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ ជារួមពួកគេបានបង្ហាញពីគុណសម្បត្តិដ៏ល្អបំផុតនៃសាមគ្គីភាពសកល និងគោលបំណងសកលដើម្បីសន្តិភាពតាមរយៈការបំពេញបេសកកម្មក្នុងស្ថានការណ៍គ្រោះថ្នាក់ ដើម្បីការពារជនងាយរងគ្រោះបំផុត ជាមួយនឹងការតំណាងឱ្យសហគមន៍ពិភពលោកចម្រុះរបស់យើង។ ពេលនេះកងវិស្វកម្មលេខ៤២៣ ក៏បានចូលរួមប្រពៃណីដ៏មានមោទនភាពនេះ»។

តំណាងអង្គការសហប្រជាជាតិរូបនេះ ក៏បានលើកឡើងផងដែរថាកម្ពុជាជារដ្ឋសមាជិកអាស៊ានឈានមុខគេមួយក្នុងការជំរុញរបៀបវារៈសន្តិភាព និងសន្តិសុខស្ត្រីក្នុងតំបន់។ កម្ពុជាដែលជាផ្នែកមួយ បានប្តេជ្ញាបង្កើនការចល័តយុទ្ធនារី ទៅក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឱ្យបានលើសពី ២០% នៅឆ្នាំ២០២៨។

ថ្លែងនៅក្នុងឱកាសនោះដែរនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការ ពារជាតិកម្ពុជា បានបញ្ជាក់អះអាងថា រាជរដ្ឋាភិបាលអាណត្តិទី៧នីតិកាលរដ្ឋសភានេះ គឺគ្មានការរារែក នោះឡើយក្នុងការបន្តបញ្ជូនកងទ័ពរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅលើពិភពលោក ដែលកំពុងត្រូវការសន្តិភាពនោះ។
នាយឧត្តសេនីយ៍ បានថ្លែងថា«រាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍មធ្យោបាយ សម្រាប់បំពាក់ជូន កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អ.ស.ប. ពង្រឹងសមត្ថភាពការងារដឹកនាំ កំណត់គោលនយោបាយ និងលើកកម្ពស់ការហ្វឹកហ្វឺន ជំនាញបច្ចេកទេសលើគ្រប់វិស័យឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត និងបានប្តេជ្ញាចិត្តត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តបញ្ជូនកងរក្សាសន្តិភាពរបស់កម្ពុជា ចូលរួម ជាមួយអង្គការសហប្រជាជាតិ ក្នុងការថែរក្សាសន្តិភាព និងការបោសសម្អាតមីនមនុស្សធម៌ជាដើម»។
នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានរំលឹកផងដែរថា កម្ពុជាកម្ពុជាជាប្រ ទេសនៅលើគន្លងផ្លូវដ៏ប្រសើរ ដែលចាកចេញពីប្រទេសធ្លាប់ទទួលបេសកកម្មរក្សាសន្តិភាពអ.ស.ប. មក ជាប្រទេសផ្តល់កងកម្លាំងរក្សាសន្តិភាពផង និងបណ្តុះបណ្តាលកងរក្សាសន្តិភាពផង ដែលមានទាំងផ្នែក យោធាប្រយុទ្ធការពារ ផ្នែកពេទ្យ គលានុបដ្ឋាយិកា និងកងកម្លាំងបោសសម្អាតមីនឲ្យកាន់តែមានសមត្ថ ភាពនិងប្រសិទ្ធភាពជាដើម៕ អត្ថបទ៖បាន ចក់






