រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ូអាវ ហ្គាលែន(Yoav Gallant) បាននិយាយទៅកាន់មេបញ្ជាការកងទ័ពអាកាស កាលពីថ្ងៃចន្ទ ទី៥ ខែសីហា ឱ្យត្រៀមលក្ខណៈសម្រាប់ «អ្វីៗគ្រប់យ៉ាង រួមទាំងកាប្រែប្រួលបន្ទាន់ចំពោះការវាយលុក» ខណៈសេចក្តីថ្លែងការណ៍មួយរបស់ការិយាល័យរបស់លោក និយាយថា ភាពតានតឹងនៅតែបន្តកើនឡើងនៅតំបន់មជ្ឈិមបូព៌ា។

លោក Gallant បានទៅពិនិត្យមជ្ឈមណ្ឌលទីបញ្ជាការកងទ័ពអាកាសរបស់អ៊ីស្រាអែល និងបានជួបជាមួយមេបញ្ជាការកងទ័ពអាកាសរបស់ប្រទេស លោក Tomer Bar ។
កាលពីថ្ងៃចន្ទ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា ប្រទេសរបស់លោក មិនសម្លឹងទៅរកការធ្វើឲ្យរីកធំភាពតានតឹងនៅក្នុងតំបន់នោះទេ ប៉ុន្តែជឿជាក់ថា ខ្លួនចាំបាច់ត្រូវដាក់ទណ្ឌកម្មលើអ៊ីស្រាអែល ដើម្បីការពារអស្ថិរភាពបន្ថែមទៀតនៅក្នុងតំបន់ បន្ទាប់ពីការសម្លាប់មេដឹកនាំក្រុមហាម៉ាស លោក Ismail Haniyeh នៅទីក្រុងតេអេរ៉ង់ កាលពីសប្តាហ៍មុន។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល លោក David Mencer បានិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែលដឹងពី «វិធីដោះស្រាយជាមួយអ៊ីរ៉ង់» ទាំងការការពារ និងការវាយលុកផងដែរ។
ទីក្រុងតេអេរ៉ង់ និងក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ដូចជាក្រុមហាម៉ាស និងហេសបូឡា បានចោទអ៊ីស្រាអែល ថា បានសម្លាប់ លោក Haniyeh កាលពីថ្ងៃទី ៣១ ខែកក្កដា នៅក្នុងរដ្ឋធានីប្រទេសអ៊ីរ៉ង់។ ការស្លាប់របស់លោក គឺជាការធ្វើឃាតជាបន្តបន្ទាប់លើមន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស ខណៈសង្រ្គាមនៅតំបន់ហ្កាហ្សារវាងក្រុមហាម៉ាស និងអ៊ីស្រាអែល ជិតឈានចូលដល់ខែទី១១។