យុវជនយល់ដឹងកាន់តែច្បាស់ពីសារសំខាន់នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) បន្ទាប់ពីការបកស្រាយពន្យល់ពីថ្នាក់ដឹកនាំ និងមន្រ្តីរាជរដ្ឋាភិបាលយ៉ាងល្អិនល្អន់ និង បង្ហាញពីសមិទ្ធផល និងវឌ្ឍនភាពដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការនេះ ។
យុវជនរស់នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហានេះ បានប្រាប់BTVឱ្យដឹងថា បន្ទាប់ពីបានស្តាប់ការពន្យល់បកស្រាយច្បាស់ៗរបស់លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មពីតំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានធ្វើឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីសារៈសំខាន់នៃការអភិវឌ្ឍន៍ CLV និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល មិនធ្វើឱ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ដូចជនអគិតមួយចំនួនចោទប្រកាន់មកលើរាជរដ្ឋាភិបាលនោះទេ។លើសពីនេះ យុវជន បានគាំទ្រឱ្យមានតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។
តាមរយៈកិច្ចសម្ភាសជាមួយទូរទស្សន៍ជាតិកម្ពុជា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងថា សមិទ្ធផលរយៈពេល ២៥ ឆ្នាំ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) បានតភ្ជាប់សេដ្ឋកិច្ចរបស់ប្រទេសទាំងបីធ្វើឱ្យកំណើនពាណិជ្ជកម្ម និងកសិពាណិជ្ជកម្មមានការកើនឡើង។ ម្យ៉ាងវិញទៀត កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ CLV គឺត្រូវបានគោរពដោយច្បាប់របស់ប្រទេសភាគីនីមួយៗ ហើយការចេញចូលឆ្លងកាត់ព្រំដែនក៏ត្រូវគោរពតាមច្បាប់កំណត់ មិនអាចចេញចូលដោយសេរីឡើយ។
កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) គឺជាគំនិតផ្តួចផ្តើមដំបូងរបស់ប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩៩ ដែលពេលនោះមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងជំរុញសមាហរណកម្ម ខេត្តជាប់ព្រំដែន នៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដោយធ្វើយ៉ាងណាប្រែក្លាយព្រំដែននេះ ទៅជាព្រំដែនមិត្តភាព សាមគ្គីភាព និងការអភិវឌ្ឍ។ កិច្ចសហប្រតិបត្តិការនេះ មានគោលការណ៍គ្រឹះសំខាន់ក្នុងការលើកកម្ពស់ការគោរព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍រួម ការពារ បូរណភាពទឹកដី និងការដោះស្រាយបញ្ហា តាមរយៈទំនាក់ទំនងការទូត និងច្បាប់អន្តរជាតិ៕ អត្ថបទ៖ ទូច សោភ័ណ
