ការកាត់ទោសសម្រាប់លោក ដូណាល់ ត្រាំ ពីបទលុយបំបិទមាត់ នៅទីក្រុងញូវយ៉ករបស់លោក ត្រូវបានពន្យារពេលកាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា រហូតដល់ក្រោយការបោះឆ្នោតនៅខែវិច្ឆិកា ជាជ័យជម្នះមួយសម្រាប់គណបក្សសាធារណរដ្ឋ ខណៈលោកប្រជែងជាមួយលោកស្រី Kamala Harris សម្រាប់តំណែងនៅសេតវិមាន។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានកំណត់ពេលកាត់ទោសនៅថ្ងៃទី១៨ ខែកញ្ញា ពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្ម ក្នុងផែនការលុយបំបិទមាត់រឿងធ្វើឲ្យខូចនយោបាយពីសំណាក់តារាភាពយន្តអាសអាភាសម្នាក់។ ប៉ុន្តែចៅក្រមលោក Juan Merchan បានពន្យារពេលការកាត់ទោសនេះរហូតដល់ថ្ងៃទី២៦ ខែវិច្ឆិកា រយៈពេលបីសប្តាហ៍ក្រោយការបោះឆ្នោតថ្ងៃទី៥ ខែវិច្ឆិកា តាមការស្នើសុំដោយមេធាវីរបស់លោក Trump ។
ចៅក្រមបានសរសេរថា «ការកំណត់ទោស នឹងត្រូវពន្យារពេល ដើម្បីមិនចាំបាច់ឲ្យមានការបង្ហាញខ្លួនណាមួយនោះទេ ដែលដំណើរការនេះត្រូវបានរងផលប៉ះពាល់ ឬព្យាយាមធ្វើឱ្យប៉ះពាល់ ដល់ការបោះឆ្នោតប្រធានាធិបតីដែលនឹងខិតជិតមកដល់ ខណៈចុងចោទជាបេក្ខជន។
លោកបានសរសេរថា «នេះមិនមែនជាការសម្រេច ដែលតុលាការបន្ធូរបន្ថយនោះទេ ប៉ុន្តែវាជាការសម្រេចដែលតាមទស្សនៈរបស់តុលាការ ដែលជំរុញប្រយោជន៍យុត្តិធម៌ឲ្យបានល្អបំផុត»។
ការពន្យារពេលនេះ កើតឡើងខណៈលោក Trump និងលោកស្រី Harris មកពីគណបក្សប្រជាធិបតេយ្យ ត្រៀមដើម្បីប្រឈមមុខដាក់គ្នាក្នុងការជជែកដេញដោលនៅលើវេទិកា នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតី។


