រដ្ឋាភិបាលចិន បាននិយាយនៅថ្ងៃពុធ (១១ កញ្ញា) នេះថា ខ្លួនកំពុងពិនិត្យមើលដោយប្រុងប្រយ័ត្ននូវតម្រុលនានាពីសារអេឡិចត្រូនិច (អ៊ីមែល) ដែលខ្លួនបានទទួលអំពីសកម្មភាព «ផ្តាច់ខ្លួន» របស់កោះតៃវ៉ាន់ ដោយបន្ថែមថា «មនុស្សល្អ» មិនមានអ្វីត្រូវព្រួយបារម្ភនោះទេ។

ចិន អះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថាជាទឹកដីរបស់ខ្លួន ជុំវិញការជំទាស់យ៉ាងខ្លាំងរបស់រដ្ឋាភិបាលនៅក្រុងតៃប៉ិ។
ទីក្រុងប៉េកាំង បាននឹងកំពុងបង្កើនយុទ្ធនាការប្រឆាំងនឹងអ្នកដែលខ្លួនចោទប្រកាន់ថាជា “ពួកផ្ដាច់ខ្លួន” ទាមទារឯករាជ្យកោះតៃវ៉ាន់ រួមទាំងនៅក្នុងខែមិថុនា បានគំរាមប្រហារជីវិត “អ្នកផ្ដាច់ខ្លួនផ្កាប់មុខ” ហើយនៅក្នុងខែសីហា បានប្រកាសពីអាសយដ្ឋានអ៊ីមែលមួយ ដែលមនុស្សអាចរាយការណ៍នូវតម្រុយអំពីឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយមនុស្សបែបនេះ។

នៅពេលត្រូវសាកសួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅទីក្រុងប៉េកាំង ថាតើប្រព័ន្ធអ៊ីមែលថ្មីនេះកំពុងដំណើរការយ៉ាងដូចម្តេចនោះ លោក ឈិន ពិនហួ (Chen Binhua) អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានរំលឹកឡើងវិញថាវិធានការរបស់ពួកគេផ្តោតលើមនុស្សមួយចំនួនតូចប៉ុណ្ណោះ។

ចិន មិនពេញចិត្តជាពិសេសចំពោះមេដឹកនាំកោះតៃវ៉ាន់ លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលបានឡើងកាន់តំណែងកាលពីខែឧសភា ប៉ុន្តែមិនបានដាក់លោកនៅក្នុងបញ្ជី «ក្រុមផ្តាច់ខ្លួនដ៏រឹងរូស» ដូចមេដឹកនាំលំដាប់ទី២ លោកស្រី សៃសូ ពីឃីម (Hsiao Bi-khim) ប្រមុខអាជ្ញាធរការពារជាតិ លោក វែលលីងតុន ខូ (Wellington Koo) និងអ្នកផ្សេងទៀតនៅក្នុងរដ្ឋបាល និងគណបក្សតៃវ៉ាន់ឡើយ។ លោក Lai បានស្នើសុំការចរចាជាមួយក្រុងប៉េកាំង ប៉ុន្តែត្រូវបានបដិសេធ ហើយលោកក៏បានព្រមានម្តងហើយម្តងទៀតពីគ្រោះថ្នាក់ដែលតៃវ៉ាន់ប្រឈមមុខពីអ្នកជិតខាងដ៏ធំរបស់ខ្លួន និងតម្រូវការពង្រឹងការការពារកោះ៕