ការវិភាគសកលមួយ បានព្យាករកាលពីថ្ងៃចន្ទ (១៦ កញ្ញា) ថាការឆ្លងមេរោគពីពពួកសត្វល្អិតចម្លងរោគ ឬហៅថា ស៊ុបភើបាក់ស៍ (Superbugs) ដែលធន់នឹងថ្នាំសម្លាប់វីរុស ត្រូវបានគេព្យាករថានឹងសម្លាប់មនុស្សជាង ៣៩លាននាក់ក្នុងរយៈពេល ២៥ឆ្នាំខាងមុខនេះ។
ប្រភេទសត្វល្អិតចម្លងរោគទាំងនោះ គឺជាពពួកបាក់តេរី ឬភ្នាក់ងារបង្ករោគធន់នឹងថ្នាំអង់ទីប៊ីយោទិចដែលធ្វើឱ្យពួកវាពិបាកព្យាបាលខ្លាំងជាងមុន ត្រូវបានគេទទួលស្គាល់ថាជាការគំរាមកំហែងកំពុងកើនឡើងដល់សុខភាពពិភពលោក។
ការវិភាគនេះត្រូវចាត់ទុកជាការស្រាវជ្រាវដំបូងក្នុងការតាមដានផលប៉ះពាល់ជាសកលនៃសត្វល្អិតចម្លងរោគនៅពេលខាងមុខ និងប៉ាន់ស្មានអ្វីដែលអាចកើតឡើងបន្ទាប់ទៀត។ ការស្រាវជ្រាវនៅក្នុងទិនានុប្បវត្តិ Lancet បានឱ្យដឹងថា មានមនុស្សជាង ១លាននាក់បានស្លាប់ដោយសារសត្វល្អិតប្រភេទនេះ ដែលក៏ត្រូវបានហៅថាពពួកធន់នឹងថ្នាំសម្លាប់មេរោគ (AMR) ក្នុងមួយឆ្នាំនៅទូទាំងពិភពលោកចន្លោះឆ្នាំ១៩៩០ និង២០២១ ហើយនឹងបន្តកើនឡើងបើពុំមានវិធានការទប់ស្កាត់។
ពពួក AMR នេះកើតឡើងនៅពេលដែលបាក់តេរី និងផ្សិតអភិវឌ្ឍសមត្ថភាពប្រឆាំងថ្នាំអង់ទីប៊ីយោទិចដែលត្រូវបានបង្កើតឡើងដើម្បីសម្លាប់វីរុស ធ្វើឱ្យការឆ្លងមេរោគកាន់តែពិបាកក្នុងការព្យាបាល និងបង្កើនហានិភ័យនៃផលវិបាកនៃការវះកាត់ និងការព្យាបាលជំងឺមហារីក។
ការសិក្សាបាននិយាយថា ផលប៉ះពាល់ខ្លាំងគឺទៅលើកុមារ និងមនុស្សចាស់ ដែលងាយនឹងឆ្លងមេរោគ។ ប្រសិនបើពិភពលោកកែលម្អការថែទាំលើការឆ្លងមេរោគធ្ងន់ធ្ងរ និងការទទួលបានថ្នាំប្រឆាំងមេរោគ នោះវាអាចជួយសង្គ្រោះជីវិតមនុស្សបានចំនួន ៩២លាននាក់នៅឆ្នាំ២០៥០៕