សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល អាណត្តិទី៧ នៃនីតិកាលរដ្ឋសភានេះ បានដាក់ចេញនូវគោលនយោបាយជាច្រើនដើម្បីឧតុ្តមប្រយោជន៍របស់ជាតិ និងប្រជាជន ហើយបានប្តេជ្ញាថែរក្សាចលនានៃសុខសន្តិភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជារួមជាដើម។
ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋសភាជាវិសាមញ នីតិកាលទី៧ ដើម្បីបោះឆ្នោតកែសម្រួលសមាសភាពរដ្ឋមន្រ្តី២រូប គឺរដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអធិការកិច្ច នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់អះអាងជាថ្មីថា ផ្នែកតាមកម្មវិធីនយោបាយ សម្រាប់នីតិកាលទី៧នៃរដ្ឋសភានេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបន្តផ្តោយជាសំខាន់លើរបៀបវារៈ ធានាប្រសិទ្ធភាព សមិទ្ធកម្ម តាមរយៈការអនុវត្តអភិក្រម «ឆ្លុះកញ្ចក់ ងួតទឹកដុសក្លែល ព្យាបាល និងវះកាត់» និងអភិក្រមចីរភាពនៃតួអង្គតែមួយ ជាមួយនឹងការកំណត់យកអាទិភាពគន្លឹះ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសនោះគឺបច្ចេកវិទ្យាឌីជីថលតែម្តង។
ជាមួយគ្នានោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ ក៏បានកោតសរសើរ និងអរគុណចំពោះអង្គរដ្ឋសភា ដែលជានិច្ចកាល ក្នុង នាមស្ថាប័ននីតិបញ្ញត្តិ ដែលទទួលបាននូវសេចក្តីទុកចិត្តយ៉ាងពេញលេញពីសំណាក់បងប្អូនប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស តែងតែបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបម្រើប្រទេសជាតិ ផ្តល់នូវការគាំទ្រសព្វបែប យ៉ាង ដល់រាជរដ្ឋាភិបាលនៅក្នុងកិច្ចប្រឹងប្រែងជំរុញការអភិវឌ្ឍលើគ្រប់វិស័យ សេដ្ឋកិច្ច និងសង្គមកម្ពុជា ដើម្បីបុព្វហេតុជាតិ និងប្រជាជននោះ៕ អត្ថបទបាន ចក់







