ក្រុមអ្នកវិភាគបាននិយាយថា សមយុទ្ធទ្រង់ទ្រាយធំរបស់កងទ័ពជើងទឹកចិន-រុស្ស៊ី បង្ហាញថាពួកគេមានឆន្ទៈ និងអាចបំផ្លាញទំនាក់ទំនងយោធាដែលចេះតែកើនឡើងកើនឡើងរវាងសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។

កងទ័ពជើងទឹកចិន បានធ្វើសមយុទ្ធប្រកៀកស្មាជាមួយរុស្ស៊ី នៅសមុទ្រជប៉ុន ឬហៅថាសមុទ្រខាងកើត កាលពីដើមខែនេះ នៅក្នុងអ្វីដែលអ្នកវិភាគនិយាយថា បានបង្ហាញពីកម្លាំងដ៏កើនឡើងរបស់ទីក្រុងប៉េកាំង និងទីក្រុងម៉ូស្គូ ក្នុងការទប់ទល់នឹងការសម្របសម្រួលពីអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងក្រសួងការពារជាតិចិន បានឱ្យដឹងថា កងកម្លាំងចិន និងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំដំណាក់កាលទី១ មានឈ្មោះថា សមយុទ្ធ ទំនាក់ទំនងភាគខាងជើង-១០១៤ (Northern/Interaction-2024) ដែលជាសមយុទ្ធទ័ពជើងទឹករួមគ្នាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ក្នុងមានគោលបំណង “បង្កើនកម្រិតនៃការសម្របសម្រួលយុទ្ធសាស្ត្ររវាងយោធាចិន និងរុស្ស៊ី និងបង្កើនសមត្ថភាពរបស់ពួកគេក្នុងការឆ្លើយតបរួមនឹងការគំរាមកំហែងផ្នែកសន្តិសុខ”។

កងទ័ពចិនក៏បានចូលរួមនៅក្នុងសមយុទ្ធរួមដ៏ធំរយៈពេល ៧ថ្ងៃរៀបចំដោយរុស្ស៊ី ហៅថាសមយុទ្ធ សមុទ្រ២០២៤ (Ocean-2024) ដែលចាប់ផ្តើមនៅថ្ងៃទី១០ ខែកញ្ញា។ យោងតាមទិន្នន័យពីមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិបានឱ្យដឹងថា ចិន និងរុស្ស៊ី បានបង្កើនសមយុទ្ធយោធារបស់ពួកគេជាងមួយទសវត្សរ៍កន្លងទៅ ដោយហ្វឹកហ្វឺនរួមគ្នារហូតដល់ទៅ ១០ដងក្នុងមួយឆ្នាំ។ មុនឆ្នាំ២០១៤ ភាគីទាំងពីរបានធ្វើសមយុទ្ធច្រើនបំផុតចំនួន ៤លើកប៉ុណ្ណោះជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំខ្លះក៏មិនបានធ្វើសមយុទ្ធដែរ។

អ្នកជំនាញទស្សនកិច្ចនៅវិទ្យាស្ថានជប៉ុន សម្រាប់កិច្ចការអន្តរជាតិបាននិយាយថា ទាំងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ កំពុង «ផ្ញើសារ» ទៅកាន់ទីក្រុងវ៉ាស៊ីនតោន អំពីសមត្ថភាពរបស់ពួកគេក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ និងធ្វើឱ្យស្មុគស្មាញដល់ជំហរយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងតំបន់៕