នៅថ្ងៃទី១៥ ខែតុលានេះ បើទោះជាថ្ងៃឈប់សម្រាកក៏ដោយ បណ្តាសាលាបឋមសិក្សាមួយចំនួននៅខេត្តកណ្តាល បានរៀបចំលោកគ្រូ អ្នកគ្រូប្រចាំការ បើកការទទួលអាណាព្យាបាលសម្រាកពីការងារនានា នាំកុមារតូចអាយុ៦ឆ្នាំចុះឈ្មោះចូលរៀននៅថ្នាក់ទី១ សម្រាប់ឆ្នាំសិក្សា ២០២៤ ឆ្នាំ២០២៥។
លោក គង់ សុធា នាយកសាលាបឋមសិក្សាអនុវត្ត ប៊ុនរ៉ានី ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់ BTV ថា ក្នុងរយៈពេលដ៏ខ្លីនេះ បានទទួលអាណាព្យាបាលនាំកូនតូចអាយុ៦ឆ្នាំ ចុះឈ្មោះប្រមាណជាង៣០០នាក់ ហើយដោយសារចំនួនបន្ទប់ថ្នាក់រៀនមានកមិ្រត សាលាបានសម្រេចនឹងបើកការធ្វើតេស្តសមត្ថភាពកូនតូចកម្រិតថ្នាក់មត្តេយ្យសិក្សាកម្រិតខ្ពស់ នៅថ្ងៃទី១៩ ខែតុលានេះ ដើម្បីជ្រើសរើសកុមារតូចចំនួន១៨០រូប ចូលរួមនៅថ្នាក់ទី១។
លោក គង់ សុធា ក៏ដូចសាលាបឋមសិក្សា ហ៊ុន សែន កំពង់សំណាញ់ ថា នៅពេលនេះសាលានៅតែបន្តការទទួលចុះឈ្មោះកុមារចូលរៀនថ្នាក់ទី១ ដោយតម្រូវឲ្យអាណាព្យាបាលនាំកូនតូចអាយុ៦ឆ្នាំ ភ្ជាប់ជាមួយសំបុត្រកំណើត បណ្ណចាក់វ៉ាក់សាំងបង្កាជំងឺ១១មុខ ហើយប្រសិនបើមានភ្ជាប់ជាមួយនូវបណ្ណក្រីក្រទៀត សាលានឹងរៀបចំស្នើផ្តល់អាហារូបករណ៍បន្ថែមជូនកុមារតូច ដែលកំពុងសិក្សាផងដែរ។
អាណាព្យាបាលបានបង្ហាញការចាប់អារម្មណ៍ខ្លាំងការបញ្ជូនកូនគ្រប់អាយុ៦ឆ្នាំចូលរៀននៅថ្នាក់ដំបូងនេះ ហើយគេក៏សូមថ្លែងអំណរគុណលោកគ្រូអ្នកគ្រូ ដែលបានបើកការទទួលកូនតូចចុះឈ្មោះចូលរៀន នៅក្នុងឱកាសថ្ងៃឈប់សំរាកការងារ។
សូមបញ្ជាក់ថា ស្ទើរគ្រប់បណ្តាសាលាបឋមសិក្សារបស់រដ្ឋទាំងអស់នៅទូទាំងប្រទេស ភាគច្រើន បានកំណត់ថ្ងៃចាប់ផ្តើមទទួលកុមារតូចចូលរៀនថ្នាក់ទី១ ឆ្នាំសិក្សា ២០២៤នេះ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២៤ ខែតុលា ហើយនឹងអាចបន្តចុះឈ្មោះរហូតដល់ថ្ងៃបើកបវេសនកាល ករណីបន្ទប់ថ្នាក់រៀននោះ មិនទាន់មានសិស្សចុះឈ្មោះចូលរៀនគ្រប់ចំនួន ហើយការចុះឈ្មោះចូលរៀននោះ មិនតម្រូវឲ្យមានបង់់ប្រាក់ណានោះទេ៕ អត្ថបទ ស៊ុម សុខជា










