កងទ័ពអាកាសរបស់កងទ័ពរំដោះប្រជាជន (PLA) បានបង្ហាញនូវគ្រឿងយុទ្ធោបករណ៍ជំនាន់ចុងក្រោយបង្អស់របស់ខ្លួន ដែលជាយន្តហោះចម្បាំងបំបាំងកាយ J-35A ដោយនិយាយថា ម៉ូដែលនេះនឹងបង្ហាញខ្លួនជាសាធារណៈ នៅក្នុងកម្មវិធីតាំងពិពណ៌អាកាសចរណ៍ នាពេលខាងមុខ។
នៅឯសន្និសីទសារព័ត៌មាន នាទីក្រុងប៉េកាំង កាលពីថ្ងៃអង្គា (ទី៥ ខែវិច្ឆិកា) លោកវរសេនីយ៍ឯក Niu Wenbo មកពីនាយកដ្ឋានគ្រឿងយុទ្ធោបករណ៍របស់កងទ័ពអាកាស PLA បានប្រាប់អ្នកសារព័ត៌មាន ថា យន្តហោះ J-35A នឹងចូលរួមក្នុងពិព័រណ៍អាកាសចរណ៍អន្តរជាតិ និងអវកាសចិនលើកទី១៥ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា នៅទីក្រុង Zhuhai ខេត្ត Guangdong។ ហើយលោក បានបន្ថែមថា J-35A គឺជាយន្តហោះប្រយុទ្ធបំបាំងកាយខ្នាតមធ្យម ដែលមានតួនាទីច្រើន។
ក្រៅពីបង្ហាញរូបភាពរបស់យន្តហោះ J-35A នៅអាកាសយានដ្ឋានមួយកន្លែង មន្ត្រីរូបនោះមិនបានផ្តល់ព័ត៌មានលម្អិតអំពីយន្តហោះថ្មីនេះឡើយ ដូចជាថា តើវាត្រូវបានដាក់ឲ្យដំណើរការ ឬរបៀបដែលវានឹងត្រូវបានបង្ហាញជាសាធារណៈ នៅក្នុងការតាំងពិព័រណ៍នោះ។
នៅពេលដាក់ឲ្យដំណើរការនូវយន្តហោះ J-35A ចិននឹងក្លាយជាប្រទេសទី២ បន្ទាប់ពីសហរដ្ឋអាមេរិកដែលមានយន្តហោះចម្បាំងបំបាំងកាយ ២ប្រភេទ នៅក្នុងប្រតិបត្តិការ។ បច្ចុប្បន្ននេះ កងទ័ពអាកាស PLA បានដាក់ពង្រាយកងនាវាដ៏ធំនៃយន្តហោះចម្បាំងបំបាំងកាយធុនធ្ងន់ J-20 ដែលត្រូវបានដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៦៕