ស្ថានទូតរបស់ប្រទេសអ៊ីតាលី និងប្រទេសក្រិក នៅក្នុងប្រទេសអ៊ុយក្រែន បាននិយាយកាលពីថ្ងៃពុធ ថា ស្ថានទូតរបស់ប្រទេសទាំងពី បានបិទទ្វារ ដោយសារតែអ្វីដែលស្ថានទូតសហរដ្ឋអាមេរិក បានចាត់ទុកថាជាការគំរាមកំហែងវាយប្រហារតាមអាកាសដ៏ខ្លាំងក្លាទៅលើទីក្រុងគីវ។
សហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួនមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានប្រើប្រាស់មីស៊ីលផ្គត់ផ្គង់ដោយអាមេរិក ដើម្បីវាយប្រហារគោលដៅនៅក្នុងប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូ ចាត់ទុកថាជាការធ្វើឲ្យសង្គ្រាមរីកធំ។ ស្ថានទូតបារាំង នៅតែបើកទ្វារ ប៉ុន្តែបានទទូចឲ្យពលរដ្ឋរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់។
បន្ទាប់ពីមានស៊ីរែនរោទិ៍ពីការវាយឆ្មក់តាមអាកាសកាលពីរសៀលថ្ងៃពុធ បានធ្វើឱ្យមានការភ្ញាក់ផ្អើលនៅក្នុងរដ្ឋធានី ដែលទីភ្នាក់ងារចារកម្មយោធារបស់ប្រទេសអ៊ុយក្រែននិយាយថា រុស្ស៊ី កំពុងព្យាយាមធ្វើឱ្យមានការភ័យស្លន់ស្លោ តាមរយៈការផ្សព្វផ្សាយសារក្លែងក្លាយនៅលើបណ្តាញអ៊ីនធឺណិត អំពីការវាយប្រហារដោយមីស៊ីល និងយានដ្រូនជិតមកដល់ក្នុងទ្រង់ទ្រាយធំ។